អត់ស្គាល់ហាងតែទឹកគុជល្បីៗនៅលើពិភពលោកទាំង 10 នេះ ម៉េចស្ទាវ!
តែទឹកដោះគោឬ Boba មានប្រវត្តិពីតៃវ៉ាន់ចាប់តាំងពីទសវត្សរ៍ឆ្នាំ1980 មកម៉្លេះ ហើយក៏មានការគាំទ្រយ៉ាងច្រើនកុះករ និងការកកើតនៃហាងតែគុជជាបន្ដបន្ទាប់រហូតមកដល់សព្វថ្ងៃ។ មិនតែប៉ុណ្ណោះ Milk Tea បានទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនទូទាំងពិភពលោក ហើយស្ថិតនៅក្នុងចំណោមភេសជ្ជៈដែលមានការនិយមចូលចិត្តជាងគេនៅលើពិភពលោក។
#1 Chatime
បើនិយាយពីរឿងតែទឹកដោះគោ មិនអាចភ្លេចពី Chatime បានឡើយ។ Chatime មានសាខារហូតដល់ជាង 2500 ទូទាំងពិភពលោករួមទាំងនៅប្រទេសកម្ពុជាផងដែរ។ ដោយសារតែមានគុជទុនស្វិតបូករួមជាមួយភេសជ្ជៈជាច្រើនមុន Chatime បានក្លាយជាហាងតែទឹកដោះគោបែបទាន់សម័យដំបូងបំផុតដែលមានប្រជាប្រិយភាពដាច់គេនៅប្រទេសកម្ពុជាតាំងពីឆ្នាំ 2013 មក។

មានដឹងអត់ កាលពីឆ្នាំ 2012, Chatime បានក្លាយជាតែទឹកដោះគោដំបូងបំផុតនៅលើពិភពលោកដែលអាចញ៉ាំបានពេលហោះហើរជាមួយ AirAsia។

បច្ចុប្បន្ននេះ Chatime មានសាខានៅផ្សារ Aeon 1 និង 2, ផ្សារ City Mall, ក្រោយវិទ្យាល័យ សន្ធរម៉ុក, ផ្សារ TK Avenue, បឹងកេងកង ផ្លូវ 51, ទល់មុខផ្សារ ទំនើបសុវណ្ណា, ផ្សារទំនើបស្ទឹងមានជ័យ, ផ្សារ The Bridge Lifestyle Mall និងជិតផ្សារណាត់ ខេត្តបាត់ដំបង។
#2 HEYTEA
កាលពីឆ្នាំ 2012, HEYTEA ទទួលបានការចាប់អារម្មណ៍ពីពិភពលោកទាំងមូលជាលើកដំបូងដោយសារ តែឈីស (Cheese Tea) ដែលមានរសជាតិប្លែកពីគេ។ រសជាតិមិនអាចបំភ្លេចបាន និងក្លិនឈ្ងុយជាប់ចិត្តបានក្លាយជាទីចាប់អារម្មណ៍និងចូលចិត្តរបស់ប្រជាជនទូទាំងពិភពលោក។ នៅប្រទេសចិន មនុស្សម្នារជាច្រើនសុខចិត្តតម្រង់ជួររាប់ម៉ោងឱ្យតែបានភ្លក់តែនេះ។ HEYTEA ក៏មាននៅកម្ពុជាដែរ តែបានផ្លាស់ប្ដូរឈ្មោះជា Heekcaa តែរក្សានូវស្លាកសញ្ញាដដែល។ បច្ចុប្បន្នមានសាខាដល់ទៅ 4 ក្នុងរាជធានីភ្នំពេញ៖ សាខាបឹងកេងកង, ទួលគោក, អគារ The Bridge SOHO និង The Point Community Mall។

#3 Gong Cha
Gong Cha បានបង្កើតដំបូនតាំងពីឆ្នាំ 2006 ហើយត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថាមានតែឈ្ងុយ គុណភាពល្អ និងសេវារហ័សទាន់ចិត្ត។ Gong Cha មានសាខានៅទូទាំងពិភពលោក តែគួរឲ្យសោកស្តាយ សាខា Gong Cha នានានៅប្រទេសកម្ពុជាបានបិទទ្វាកាលពីឆ្នាំ 2016 តែពួកយើងសង្ឃឹមថានឹងមានឡើងវិញក្នុងពេលខាងមុខទៅចុះ។

#4 CoCo Fresh Tea & Juice
CoCo មានប្រភពពីប្រទេសតៃវ៉ាន់តាំងពីឆ្នាំ 1997 ហើយបច្ចុប្បន្ននេះ CoCo មានសាខាជាង 3500 នៅទូទាំងពិភពលោក។ CoCo Fresh Tea & Juice ប្រើប្រាស់គ្រឿងផ្សំស្រស់ៗ និងមានជម្រើសភេសជ្ជៈជាច្រើនមុខសម្រាប់បម្រើតម្រូវការរបស់អតិថិជនរួមមានតែទឹកដោះគោ តែស្រស់ ទឹកផ្លែឈើស្រស់ ភេសជ្ជៈក្រឡុក ទឹកសូកូឡា និងជម្រើសភេសជ្ជៈផ្សេងៗជាច្រើនទៀត។

#5 KOI Thé
KOI Thé ជាហាងដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លានៅតាមប្រទេសជាច្រើននៅលើពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរ។ គេចូលចិត្ត KOI Thé ដោយសារសាវាកម្មលឿន រហ័សទាន់ចិត្ត គុជមាសទន់ជាងគុជដទៃ ថែមទាំងមានតែរសជាតិផ្លែឈើស្រស់ និង Macchiato ពិសេសទៀតផង។

បច្ចុប្បន្ននេះ KOI មានសាខារហូតដល់ 15 នៅប្រទេសកម្ពុជា ហើយសាខាថ្មីៗនឹងមានបើកដំណើរការក្នុងពេលឆាប់ៗនេះ។
#6 The Alley
The Alley ជាហាងអន្តរជាតិដែលមានការនិយមចូលចិត្តពីប្រទេសជាច្រើននៅលើពិភពលោក ហើយមានសាខានៅប្រទេសជាង 10។ បើគេនិយាយពី The Alley ប្រាកដជានឹកឃើញដល់តែដែលមានស្ករពណ៌ត្នោត និងគុជផ្អែមជាប់ចិត្តដាក់ក្នុងកែវស្អាតប្លែក ហើយមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅតាមបណ្តាញសង្គម Facebook និង Instagram។ តែអ្នកភ្នំពេញកុំភ័យ ព្រោះថា The Alley នឹងមកដល់រាជធានីភ្នំពេញក្នុងឆាប់ៗនេះហើយ។

#7 Biju
មានប្រភពពីតៃវ៉ាន់តាំងពីខ្ទង់ឆ្នាំ 1980 Biju ជាហាងតែទឹកដោះគោមានគុណភាពខ្ពស់ ដោយប្រើប្រាស់គ្រឿងផ្សំល្អៗដូចជាទឹកដោះគោសរីរាង្គ និងទឹកផ្លែឈើឆ្ងាញ់ជាប់មាត់។ ហើយតែវិញសុទ្ធតែឆុងថ្មីៗភ្លាមៗ ដូច្នេះអតិថិជនកុម៉្មង់មុនទើបឆុងតាមក្រោយ។ សម្រាប់ម៉ឺនុយវិញមានតាំងពីតែទឹកដោះគោ តែរសជាតិផ្លែឈើ ផ្លែឈើទឹកដោះគោ និងទឹកដូងជាដើម។ ពេលញ៉ាំភ្លាម នឹងមានអារម្មណ៍ស្រស់ស្រាយភ្លែតតែម្ដង!


#8 Tiger Sugar Milk Tea
Tiger Sugar Milk Tea ត្រូវបានចាត់ទុកជាតែទឹកដោះគោដែលមានរាងស្អាត ហើយក៏ជាតែល្បីល្បាញនៅតាមបណ្ដាញ Facebook និង Instagram ផងដែរ។ គុជទន់ស្វិតបូករួមនឹងស្ករពណ៌ត្នោត តំណាងឱ្យភាពខ្លាំងអស្ចារ្យរបស់សត្វខ្លាដូចឈ្មោះហាងអ៊ីចឹង។ Tiger Sugar Milk Tea មានរសជាតិផ្អែមស្រស់ស្រាយមិនអាចបំភ្លេចបាន។ ដំណឹងល្អសម្រាប់អ្នកដែលចង់សាកតែល្បីដ៏មួយនេះ Tiger Sugar Milk Tea នឹងបើកដំណើរការនៅប្រទេសកម្ពុជានាពេលខាងមុខដ៏ខ្លីនេះ។

#9 Dakasi
Dakasi មានដើមកំណើតពីតៃវ៉ាន់តាំងពីឆ្នាំ 1990 មកម៉្លេះ ហើយមានភេសជ្ជៈជាច្រើនមុខ។ តែទឹកដោះគោមានរសជាតិឆ្ងាញ់សមជាតែតៃវ៉ាន់ពិតប្រាកដ រីឯកែវក៏ស្អាតទៀត បើបានសាកតែម្តងធានាប្រាកដជាចង់សាកម្ដងទៀតជាមិនខាន។

Dakasi មានទីតាំងនៅជាន់ទីមួយនៃផ្សាទំនើបអ៊ីអនម៉លភ្នំពេញ, The Bridge Community Mall, និងនៅ WB Arena ចាក់អង្រែក្រោម។
#10 Prime's Thai Tea
គ្រាន់តែឮឈ្មោះដ៏ដឹងដែរថា Prime's Thai Tea ជាប្រភេទហាងតែបែបថៃ ខុសពីតែតៃវ៉ាន់ដែលមានតាមហាងដទៃទៀត តែរសជាតិវិញមិនចាញ់គ្នាឡើយ។

អ្វីដែលធ្វើឱ្យហាងនេះល្បីនោះគឺការវ៉ិចខ្ចប់ដាក់ក្នុងកែវស្រស់ស្អាត សូម្បីតែភេសជ្ជៈក៏ពណ៌ស្អាតគួរឱ្យទាក់ទាញដែរ! ឱ្យតែទិញហើយ គឺចៀសមិនរួចពីការថតដាក់ story Instagram និង Facebook ទេ។