ទឹកគ្រឿងបែបអ្នកសៀមរាប ខាប់ៗជូរៗមានជាតិ គេធ្វើបែបនេះណា៎!
ម្ហូបខ្មែរមួយចំនួនមានលក្ខណៈប្លែកៗពីគ្នាទៅតាមខេត្ត និងតំបន់។ ជាក់ស្តែងទឹកគ្រឿងមានរបៀបចម្អិន និងរសជាតិខុសពីគ្នាប៉ុន្មានបែប ដែលផ្អែកទៅតាមទម្លាប់នៃការចម្អិននៃប្រជាជនតាមខេត្តផងដែរ។ ក្នុងអត្ថបទនេះ មិត្តអ្នកអាននឹងបានស្វែងយល់អំពីវិធីចម្អិនម្ហូបពិសេសមួយនេះ ជាមួយនឹងរូបមន្ត និងគ្រឿងផ្សំតាមបែបអ្នកខេត្តសៀមរាប ដែលមានលក្ខណៈខាប់ៗ ជាមួយសាច់ផងត្រីផង ដាក់ផ្ទាប់ជាមួយនឹងអន្លក់ស្រស់ៗខ្ចីៗ រសជាតិកប់តែម្តង!!!
>>>គ្រឿងផ្សំ
- ត្រី
- សាច់ជ្រូក ៣ជាន់
- ប្រហុក
- ម្ជូរក្រូចឆ្មារ
- ស្លឹកខ្ទឹម
- ខ្ទឹមស ខ្ទឹមក្រហម
- ម្ទេសប្លោកតូច
>>>អន្លក់/បន្លែ (អាចដាក់តាមចំណូលចិត្ត និងលទ្ធភាពរកបាន)
- ត្រសក់
- ស្ពៃក្រញ៉ាញ់
- ត្រប់
- ត្រួយស្តៅ (យកល្អស្រុះសិន)
- ផ្កាស្នោ
- ស្នៀតពោត
- ពពាយ
- សណ្តែកកួ
- ត្រួយរាំង
- ព្រលិត
- ត្រួយស្មាច់
>>>វិធីធ្វើ
- ស្ងោរត្រី និងសាច់ជ្រូកឲ្យឆ្អិនល្អ រួចយកត្រីមកបុក និងហាន់សាច់ជ្រូកជាចំណិតតូចៗ
- ដាក់ដាំទឹកស្ងោរសាច់ និងត្រីដែលនៅសល់ ជាមួយប្រហុកឲ្យពុះ រួចទុកឲ្យវារង សឹមចាក់ចូលជាមួយត្រី និងសាច់
- ដាក់អំបិល ស្ករ ប៊ីចេង ខ្ទឹមស (ចិញ្រ្ចាំ) ខ្ទឹមក្រហម (ហាន់ជាចំណិតស្តើងៗ) និងម្ជូរក្រូចឆ្មារចូល ហើយកូរចូលគ្នាឲ្យសព្វ
- ហាន់ស្លឹកខ្ទឹមឲ្យល្អិត និងម្ទេសប្លោកជាសរសៃល្អិតៗដូចគ្នា ហើយដាក់ចូលដែរ
- ភ្លក្សមើលរសជាតិជូរតិចៗទើបឆ្ងាញ់។