ស៊ុបពពែតាហៃ - Ta Hai Goat Hot Pot
- Road in front of “Chun Lung Sport Club”, go straight for about 100m, turn right for 200m
- 012 831 326
បើនិយាយអំពីម្ហូបដែលប្រើសាច់ពពែ ប្រហែលជាមានអ្នកញ៉ាំខ្លះបារម្ភខ្លាចធុំក្លិនឆ្អេះ ឬបើមិនអ៊ីចឹងទេ ក៏ខ្លាចថាតម្លៃថ្លៃ តែមានហាងមួយនេះ ល្បីថាមានម្ហូបសាច់ពពែឆ្ងាញ់ ថែមទាំងធូរថ្លៃ និងជាហាងដ៏មានប្រជាប្រិយភាពមួយរបស់អ្នករស់នៅលើទឹកដីក្រុងអង្គរ ហើយ FoodBuzzក៏បានទៅភ្លក្សរសជាតិហ្នឹងគេដែរ។
តាមពិតទៅ ហាងនេះត្រូវបានបើកច្រើនឆ្នាំហើយ តែទើបតែផ្លាស់ប្តូរមកទីតាំងថ្មី ជាមួយនឹងការតុបតែងដ៏សម្បូរបែបជាងមុន រួមជាមួយនឹងការច្នៃបន្ថែមនូវមុខម្ហូបឲ្យរឹតតែឆ្ងាញ់ពិសា ហើយបើទោះបីជាទីតាំងថ្មីនៅរាងជ្រៅបន្តិចមែន តែអ្នកញ៉ាំក៏មិនរួញរាក្នុងការធ្វើដំណើរទៅរករសជាតិដែលពួកគាត់នឹកឡើយ។
និយាយលាក់បាំងអី ពេលទៅដល់ភ្លាម ឃើញការរៀបចំរបស់ហាងរាងកាលីបតិចៗ ចង់ភ័យដែរថា តម្លៃតិចលោថ្លៃអីទេ តែដល់ពេលបានបើកម៉ឺនុយមើលហើយ រាងធូរចិត្តវិញបន្តិច ព្រោះថាតម្លៃមុខម្ហូប គឺសមរម្យល្មមអាចទទួលយកបាន។
មុខម្ហូបប្រចាំហាង ដែល FoodBuzz បានសាក ហើយញ៉ាំឡើងជាប់មាត់ជាប់ចិត្តនោះ គឺឈុតស៊ុបពពែ និងពពែរ៉ូទី។ ឈុតស៊ុបដែលយើងបានញ៉ាំ មានបន្លែមួយឈុត (ស្ពៃបូកគោ ស្ពៃតឿ ស្ពៃចង្កឹះ ត្រាវ) តៅហ៊ូ មី ពពុះសណ្តែក ពងមាន់ 1 គ្រាប់ សាច់ពពែ 1 ចាន និងទឹកជ្រលក់ពិសេស (ទឹកតៅហ៊ូ តែរសជាតិមិនដូចគេតែម្តង)។ ឈុតនេះល្មមសម្រាប់ញ៉ាំ 2-3 នាក់ សម្រាប់អ្នកមិនសូវញ៉ាំច្រើន។ ចំណែកឯពពែរ៉ូទីវិញ រសជាតិបរិយាយមិនត្រូវទេ ដឹងតែសាច់ទន់ឆ្ងាញ់ជាមួយនឹងគ្រឿងពិសេសប្រចាំហាង បានញ៉ាំហើយពិបាកបំភ្លេចរសជាតិតែម្តង។
ក្រៅពីម្ហូបដែលយើងបានភ្លក្ស ហាងលាក់ខ្លួន តែមិនលាក់រសជាតិនេះ ក៏មាននូវម្ហូបជាច្រើនទៀត ដែលភាគច្រើនប្រើសាច់ពពែ ក្នុងនោះមានដូចជាស៊ុបពងពពែពិសេស ពពែអាំងអំបិលម្ទេស ឆាក្តៅសាច់ពពែ កន្សោមដោះអាំងភ្នំភ្លើង ព្រមទាំងម្ហូបគ្រឿងសមុទ្រជាច្រើនមុខទៀតផងដែរ។ តែមានរឿងសម្ងាត់មួយចង់បង្ហើបផងដែរ! បើញ៉ាំភ្នំភ្លើង កុំភ្លេចសាកមើលរសជាតិទឹកស៊ុបពេលចាក់ចូលឆ្នាំងភ្លាមៗ និងក្រោយពេលដាក់សាច់ និងបន្លែចូលផងណា៎! លឺគេថា រសជាតិដើមក៏ពិសេស ហើយក្រោយពេលមានជាតិសាច់បន្លែចូលទៅទៀត រឹតតែពិសេស។
អ្វីដែលពិសេសនោះ គឺថាការចម្អិនមុខម្ហូបនីមួយៗ ត្រូវបានធ្វើឡើងដោយចុងភៅ ដែលមានបទពិសោធន៍ក្នុងការចម្អិនសាច់ពពែជាច្រើនឆ្នាំ ដោយប្រើប្រាស់នូវរូបមន្តពិសេសប្រចាំគ្រួសារ និងការច្នៃបន្ថែម ដូចនេះហើយ អ្នកញ៉ាំមិនបាច់បារម្ភអំពីបញ្ហាក្លិនឆ្អេះទេ!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.