បទពិសោធន៍មិនអាចបំភ្លេចបានជាមួយ អូម៉ាកាសិ សាច់ Ōmi wagyū ប្រណិតតម្លៃដល់ទៅ $150!

ធ្លាប់តែភាគច្រើនឃើញគេ អូម៉ាកាសិ ស៊ូស៊ី សាស៊ីមិ តែលើកនេះក្រុមការងារ FoodBuzz បានមកទទួលបទពិសោធន៍ អូម៉ាកាសិ សាច់ Ōmi wagyū នៅភោជនីយដ្ឋានដ៏ប្រណិតបែបជប៉ុន ដែលទើបតែបើកដំណើរការក្នុងពេលថ្មីៗនេះ។ Yukigumi កំពុងមានការពេញនិយមខ្លាំងដោយសារ Omakase របស់ពួកគេ ក្នុងហាងមានផាសុកភាព តុបតែងស្រស់ស្អាត និងជាពិសេសមានចុងមេភៅជនជាតិជប៉ុនផ្ទាល់បង្ហាញថ្វីដៃ និងបង្ហាញសិល្បៈចម្អិនយ៉ាងអស្ចារ្យនៅនឹងមុខអ្នកញ៉ាំផ្ទាល់ៗ។ 

ប្រហែលជាឆ្ងល់ហើយថា Ōmi wagyū គឺជាអ្វី? Ōmi wagyū គឺជាសាច់់គោជប៉ុនដ៏ប្រណិត និងមានតម្លៃខ្ពស់ក្នុងទីផ្សារពិភពលោក។ វាគឺសាច់គោមួយប្រភេទ ដែលត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្ន ប្រកបទៅគុណភាពខ្ពស់ និងមានស្ដង់ដារ។

សម្រាប់ Ōmi wagyū អូម៉ាកាសិ Yukiguni ផ្ដល់ជូនជា 2 ប្រភេទ និង  2 តម្លៃ ដែល អូម៉ាកាសិ 8 courses មានតម្លៃ 100 ដុល្លារ និង 9 courses មានតម្លៃ 150 ដុល្លារ សម្រាប់រយៈពេល 1 ម៉ោងកន្លះ។ ក្រុមការងារ FoodBuzz ក៏បានសាកអូម៉ាកាសិ 9 courses ផងដែរ។ 

ចាប់ផ្ដើមជាមួយ Aburi Niku Sushi ដែលមាន​សាច់​គោ wagyū​ ចំអិនដែលទន់ ហើយដាក់ពីលើបាយដ៏ផ្អែម ឈ្ងុយ ដែលចំហុយតាមស្តង់ដាបែបជប៉ុន។ បន្ទាប់​មកគឺ ​សាច់គោ​អាំង Harumaki  ដែលមានបន្លែស្រស់ៗ ដែលហាន់ជាចំណិតតូចៗ យកទៅដាក់រុំជាមួយសាច់គោអាំងស្ដើងៗ ពេលដែលអ្នកញ៉ាំទៅមានជាតិស្រួយរបស់បន្លែនិងឈ្ងុយសាច់គោជាមួយគ្នាតែម្ដង។

Hamburger និង Ringo no Shirae ខុសពីប៊ឺហ្គឺធម្មតា។ ប៊ឺហ្គឺ wagyū នេះ មានមាឃតូចដែលធ្វើសម្រាប់ញ៉ាំតែមួយម៉ាត់ទេ ហើយពេលខាំទៅ រសជាតិក៏ប្លែកទៀត សាច់ឡើងមានជាតិដែលធ្វើឲ្យយើងពេញចិត្តម៉ង នៅមាន Ringo no Shirae ដែលមានឈីសតៅហ៊ូដាក់ពីលើចំណិតផ្លែប៉ោមបៃតង។

Sakuyaki ដែលចុងភៅបានយកសាច់ចំឡកគោស្ដើងៗទៅចម្អិននៅក្នុងទឹកស៊ុបដែលមានជាតិដ៏សម្បូរបែបគឺ Sakuyaki មានក្លិនឈ្ងុយសាយភាយ គួបផ្សំជាមួយទឹកជ្រលក់ពពុះពងមាន់ ដែលធានាថានឹងផ្តល់ភាពកក់ក្តៅដល់បេះដូងរបស់អ្នកពេលដែលបានញ៉ាំស៊ុបនេះ។ តែអ្វីដែលកាន់តែប្លែកអារម្មណ៍នោះគឺ Shabu Shabu ដែលយកសាច់ចំឡកគោហាន់ជាបន្ទះស្តើងៗ ចម្អិនក្នុងទឹកដែលមានត្រាំធ្យូងជប៉ុនក្នុងនោះ។ ហ៊ានញ៉ាំអត់? តែអត់មានប៉ះពាល់ដល់សុខភាពអីទេ។ សាច់ដែលឆ្អិននោះគឺថាផុយដល់ថ្នាកគ្រាន់តែដាក់ចូលមាត់ភ្លាម វារលាយបាត់ មកជាមួយទឹកជ្រលក់ Ponzu jelly ដែលនឹងបន្ថែមរសជាតិជូរដល់សាច់ចំឡកនោះ។

បន្តទៅផ្នែកសាច់អាំងផ្តល់វិញម្ដង ដែលយើងអាចមានជម្រើសក្នុងការរើសរវាងសាច់គោទន់ៗអាំងបែប Yakiniku ឬក៏ Tenderloin steak។  Tenderloin steak នេះ ត្រូវចំណាយពេលរហូតដល់ 10 នាទី ហើយនៅក្នុងដំណើរការនៃការចម្អិន សាច់អាំងត្រូវដាក់ឱ្យសម្រាក 3 ដង បន្ទាប់ពីចម្អិនពីរទៅបីនាទីថែមទៀត។ នោះហើយជាមូលហេតុដែលពួកគេនិយាយថា "របស់ល្អត្រូវការពេលវេលា"

ឥឡូវយើងមករំងាប់អារម្មណ៍ជាមួយឈុត Gohan នេះវិញម្ដង  ដែលមានស៊ុបមីស៊ូដែលញ៉ាំហើយធ្វើឲ្យមានភាពកក់ក្ដៅ និងមានបាយដ៏ឈ្ងុយ ដែលគេយកអង្ករជប៉ុនទៅចំហុយនៅក្នុងឆ្នាំងថ្ម យ៉ាងប្រណិត។ ជាចុងក្រោយគ្នានអីគួរឲ្យជាប់ចិត្តជាងបង្អែមទេ Chocolate parfait ដែលមានការ៉េមសូកូឡា និងមានទឹកសូកូឡាខ្មៅសម្រាប់ស្រោចពីលើ។

ចង់បានបទពិសោធន៍ទទួលទានសាច់គោជប៉ុនមានគុណភាពខ្ពស់ដូចក្រុមការងារ FoodBuzz ដែរ អាចធ្វើការកក់ទុកមួយថ្ងៃមុនសិនណា ព្រោះកន្លែងមានចំនួនកំណត់ ត្រឹមតែ 16 កន្លែងតែប៉ុណ្ណោះ។ 

ទូរស័ព្ទ៖​ 099 730 561

ទីតាំង៖ YUKIGUNI Wagyu Omakase

ព័ត៌មាន៖  facebook-Yukiguni

 

 

Food Review