ទៅសម្រាកលំហែកាយនៅកៀនស្វាយរាល់ដង មានដឹងថាមានរបស់ឆ្ងាញ់ៗអ្វីខ្លះលក់នៅទីនោះអត់?
កន្លែងសម្រាកលំហែកាយថ្មីៗនៅជិតៗភ្នំពេញមានច្រើនគគោក តែកៀនស្វាយនៅតែជាទីចាប់អារម្មណ៍របស់ភ្ញៀវក្នុងស្រុក ជាពិសេសអ្នកភ្នំពេញ។ ថ្មីត្បិតតែកៀនស្វាយធ្លាប់ត្រូវបានរងការរិះគន់ទៅលើអនាម័យ និងថ្លៃកន្លែងអង្គុយលេងពីច្រើនឆ្នាំមុនក៏ដោយ តែទីនេះត្រូវបានអភិវឌ្ឍន៍ថ្មីដោយកន្លែងលក់អាហារមានដំបូល និងអនាម័យជាងមុនធ្វើឲ្យភ្ញៀវទេសចរមានទំនុកចិត្តម្ដងទៀត។ តោះ ចង់ដឹងមែនទេថា មានអ្វីញ៉ាំខ្លះនៅហ្នឹងបន្ទាប់ពីគេធ្វើកន្លែងស្អាតបែបនេះ?
#1 មាន់អាំង ឬបំពង
មាន់អាំង ឬបំពងជាអាហារដ៏ពេញនិយមមួយសម្រាប់ការជួបជុំញ៉ាំអាហារនៅក្រៅដូច Picnic អីហ្នឹង ដោយសារតែវាមានរសជាតិឆ្ងាញ់ និងត្រូវគ្រប់កាលៈទេសៈ។

#2 ក្រួចអាំង និងគ្រឿងសមុទ្រអាំង
អ្នកណាខ្លះចូលចិត្តក្រួចអាំងដូចអេដមីនដែរ? តូចល្អិតតែខ្លួនមែនពិត តែជាតិអស់ស្ទះ! ហើយបើប្រិយមិត្តចូលចិត្តគ្រឿងសមុទ្រ កុំបារម្ភនៅទីនេះក៏មានដែរ មានទាំងបង្គាអាំង និងមឹកអាំងជាដើម។

#3 ត្រីអាំង ឬចៀន
បើរមណីយដ្ឋាននៅក្បែរទឹកអ៊ីចេះ ដឹងតែអត់ខ្វះត្រីហូបហើយ! ត្រីស្រស់ៗជាច្រើនប្រភេទត្រូវបានចម្អិន និងដាក់លក់ក្នុងតម្លៃសមរម្យ។


#4 ប្រហិតចៀន
ចៃដន្យអីទៅតែមួយភ្លែត ចឹងរបស់ញ៉ាំក៏រកអ្វីស្រួលៗដែរ។ ម៉ោះ ប្រហិតចង្កាក់ ប្រហិតត្រីជាមួយបន្លែ ហ៊តដកអីក៏មានដែរ។

#5 ខ្យង ខ្ចៅ
ខ្យង និងខ្ចៅ? ក្លិនឈ្ងុយរបស់ខ្ចៅជាមួយគល់ស្លឹកគ្រៃច្បាស់ជាធ្វើឲ្យអ្នកចង់ញ៉ាំជាមិនខាន សំខានខ្យង និងខ្ចៅមានដាក់លក់ទៅតាមទំហំនីមួយៗរបស់វាទៀតផង។ ជជែកគ្នាចាក់ខ្ចៅមានអ្វីមិនល្អ!

#6 ប្រភេទជ្រក់ និងម៉ាំ
ទិញត្រី តែអត់ជ្រក់ម៉េចកើត! នៅទីនេះក៏មានលក់នូវជ្រក់ជាច្រើនប្រភេទដូចជា ជ្រក់មមាញ ជ្រក់ត្រពាំង ជ្រក់ក្រអៅឈូក ជ្រក់សណ្ដែកបណ្ដុះ និងម៉ាំល្ហុងជាដើម។

#7 ពងស្ងោរ
ពងស្ងោរដូចជា ពងទាស្ងោរ ឬ ពងក្រួចស្ងោរ ទាំង 2 ប្រភេទនេះ ចង់ញ៉ាំជាមួយបាយក៏បាន ឬញ៉ាំលេងៗកំដរមាត់ក៏បាន ចុចជាមួយអំបិលម្រេច ជក់មាត់អស់ស្ទះ។

#8 បង្អែម
នៅគៀនស្វាយ មិនមែនមានតែម្ហូបអាហារនោះឡើយ មានទាំងបង្អែមជាច្រើនប្រភេទដូចជា នំក្រៀប អន្សមអាំង នំអាកោរ ទឹកកកឈូក និងច្រើនជាងហ្នឹងទៀត។



#9 ផ្លែឈើ
ចង់ញ៉ាំជាផ្លែឈើក៏មានដែរ។ អ៊ីចឹង កុំភ្លេចទិញញ៉ាំបន្ទាប់ពីទទួលទានបាយថ្ងៃត្រង់នៅកញ្ចុះអង្គុយលេងទាំងអស់គ្នា!


#10 ម្ជូរ
របស់ពិសេសទុកចុងក្រោយគេ! ម្ជូរនៅទីនេះ មិនចាញ់ម្ជូរវត្តភ្នំនោះឡើយ ដាក់លក់យ៉ាងត្រៀបត្រា មើលទៅទំនងខ្លាំងមែនទែន។

ចំណាំ៖ ទីនេះ នៅមានម្ហូបជាច្រើនទៀត ដែលពួកយើងមិនអាចរៀបរាប់អស់ អ៊ីចឹងទាល់មកសាកផ្ទាល់ទើបដឹងណា៎!



តម្លៃ៖ ចាប់ពី $1 ឡើងទៅ (អាស្រ័យទៅតាមមុខម្ហូប) ទីតាំង៖ ផ្លូវជាតិលេខ 1 កែងនឹងផ្លូវលំកៀនបឋមសិក្សាកៀនស្វាយ ភូមិ���ំ ខេត្តកណ្ដាល | Googlemap