ទន់ៗផ្អែមៗ ដូចនំតិច ដូចចាហួយតិច! បង្អែមផ្លែឈើមួយប្រភេទនេះ ឆ្ងាញ់ប្លែកមាត់ហើយ ងាយធ្វើទៀត
ថ្ងៃនេះយើងមករៀនអំពីវិធីចាក់សារ៉ាយ/ចាហួយមួយបែប ដែលធ្វើឲ្យចំណេញដូចញ៉ាំរបស់ ៣មុខក្នុងពេលតែមួយតែម្តង! មួយម៉ាត់ៗ គឺ ដូចជាញ៉ាំបង្អែមផង នំផង ផ្លែឈើផងអ៊ីចឹង។ តោះ! សាកធ្វើ ចាហួយផ្លែឈើគ្រប់មុខ ជាមួយវិធីដូចខាងក្រោម៖
#គ្រឿងផ្សំចាហួយផ្លែឈើ
- ទឹក ៣០០មល
- ទឹកផ្លែឈើស្រស់ ១៥០មល (អាចរើសរសជាតិតាមចំណូលចិត្ត)
- ទឹកសេរ៉ូ Maple ឬ ទឹកឃ្មុំ ៦០មល
- ម្សៅចាក់ចាហួយ 2 ស្លាបព្រាកាហ្វ
- ផ្លែឈើ តាមចំណូលចិត្ត (ជាទូទៅ គេប្រើផ្លែឈើចម្រុះពណ៌ ដូចជាស្វាយ ទំពាំងបាយជូរ ស្ត្រប៊ែរី ស្រកានាគ ឃីវី) ៖ កាត់ជាចំណិតតូចៗល្មមញ៉ាំ
#គ្រឿងផ្សំចាហួយដូង
- ខ្ទិះដូង ១៧០មល
- ទឹក ៦០មល
- ម្សៅចាហួយ ១ស្លាបព្រាកាហ្វេ
- ទឹកសេរ៉ូ Maple ឬ ទឹកឃ្មុំ ៣ស្លាបព្រាកាហ្វេ
#របៀបធ្វើ
- ចាក់ទឹក ទឹកផ្លែឈើ ទឹកសេរ៉ូ/ទឹកឃ្មុំ ម្សៅចាហួយចូលក្នុងឆ្នាំងមួយ ហើយកូរចូលគ្នាឲ្យសព្វ
- ដាក់ដាំឲ្យពុះ រួចចាក់ទៅក្នុងកែវ ឬចាន (គួរប្រើកែវ ឬចានថ្លា បានមើលទៅស្អាត)
- ដាក់ផ្លែឈើពីលើ ដោយកូរចូលគ្នា ឲ្យមើលទៅចម្រុះគ្នាល្អ
- យកទុកក្នុងទឹកកកឲ្យចាហួយឆាប់កក (ឡើងរឹង) រួចទុកមួយឡែក
- ចាក់គ្រឿងផ្សំចាហួយដូងទាំងអស់ទៅក្នុងឆ្នាំង រួចដាក់ដាំឲ្យពុះ
- ចាក់ទៅលើចាហួយផ្លែឈើ
- ដាក់ក្លាសេក្នុងទូទឹកកក ៣-៤ម៉ោង ឬមួយយប់ រហូតដល់ឡើងល្មមញ៉ាំ។
ប្រភព ៖ Christie At Home