ងាយៗ! រៀនធ្វើមាន់បំពងប៊័រទឹកឃ្មុំ ទុកគ្រាន់កំដរមាត់

ឧស្សាហ៍ឃើញតួកូរ៉េញ៉ាំមាន់បំពងផ្អែមៗហ្នឹងមែន? មានដឹងអត់ថា វិធីធ្វើមិនសូវពិបាកនោះទេ! ជាមួយនឹងគ្រឿងផ្សំសាមញ្ញៗ និងវិធីធ្វើងាយៗ ដូចខាងក្រោមនេះ៖

#គ្រឿងផ្សំសាច់

  • សាច់មាន់ ១/២ គីឡូ (ប្រើស្លាប ឬភ្លៅមាន់ក៏បាន)
  • ស៊ុត ១ គ្រាប់
  • អំបិល ១/២ ស្លាបព្រាកាហ្វេ
  • ម្រេចកិន ១/២ ស្លាបព្រាកាហ្វេ
  • ម្សៅសូដា១/២ ស្លាបព្រាកាហ្វេ
  • ម្សៅពោត ៣ ស្លាបព្រាកាហ្វេ
  • ម្សៅបំពង ៣ ស្លាបព្រាកាហ្វេ (ប្រើ ៦ស្លាបព្រាកាហ្វេ ប្រសិនបើគ្មានម្សៅពោត)

#គ្រឿងផ្សំទឹកជ្រលក់

  • ទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេ
  • ទឹកស៊ីអ៊ីវ ១/២ ស្លាបព្រាកាហ្វេ
  • ខ្ទឹមស ៤ កំពឹស (កិន ឬចិញ្ច្រាំម៉ដ្ឋ)
  • ប៊័រ ៣ ស្លាបព្រាកាហ្វេ
  • ស្ករស ១ ស្លាបព្រាកាហ្វេ
  • គ្រាប់ល្ងលីង (តាមចំណូលចិត្ត)

#របៀបធ្វើ

  • កាត់សាច់មាន់ជាដុំតូចល្មម ហើយប្រឡាក់ជាមួយអំបិល និងម្រេច (គួរប្រឡាក់ទុកប្រមាណ១៥នាទី ដើម្បីឲ្យចូលជាតិ)
  • បំបែកស៊ុត ដាក់លាយជាមួយម្សៅពោត​ ម្សៅបំពង និងម្សៅសូដា ហើយដាក់សាច់ដែលប្រឡាក់រួច លាយជាមួយម្សៅឲ្យបានសព្វល្អ
  • ដាក់ប្រេងឆាក្នុងខ្ទះឲ្យក្តៅ ហើយដាក់បំពងប្រហែល ១០-១៥នាទី រួចលើកចេញ
  • ដាក់បំពងជាលើកទី២ រហូតដល់ឆ្អិន និងស្រួយល្អ ហើយលើកចេញដាក់ឲ្យស្រក់ខ្លាញ់
  • ដាក់ខ្ទះទទេឲ្យក្តៅ ហើយដាក់ប៊័រឲ្យរលាយ រួចដាក់ខ្ទឹមបំពងឲ្យឡើងស្រួយ។ ដាក់ទឹកស៊ីអ៊ីវ និងស្ករហើយកូរចូលគ្នាដល់រលាយចូលគ្នាល្អ
  • ចាក់ទឹកឃ្មុំចូល ហើយបន្តកូរឲ្យជាប់ដៃ រហូតឡើងពុះតិចៗ សឹមចាក់សាច់មាន់បំពងចូល ហើយលាយឲ្យសព្វសាច់មាន់ 
  • រោយគ្រាប់ល្ងលីងពីលើតាមចំណូលចិត្ត ជាការស្រេច៕ 

ប្រភព៖ yummykitchentv

Food Review