ឃ្លាន «នំអន្សមចៀនទឹកគ្រឿង» បែបអ្នកសៀមរាបមែន? សាករូបមន្តងាយៗនេះបាន!

អ្នកសៀមរាបប្រហែលជាញ៉ាំឡើងទ្រលាន់ហើយ​ ប៉ុន្តែសម្រាប់ FoodBuzz និង ប្រជាជនខ្មែរនៅខេត្តផ្សេងៗវិញ បើឃ្លាននំអន្សមចៀនស្រួយៗជ្រលក់ទឹកគ្រឿងថ្មីៗប្រៃលមៗអីគឺពិបាករកណាស់។ សំខាន់ចូលឆ្នាំនេះដេកផ្ទះទៀតអ៊ីចឹងពួកយើងក៏សាកធ្វើខ្លួនឯងនៅផ្ទះតែម្តងទៅ! 

គ្រឿងផ្សំ: 

ត្រីរស

ខ្ទឹមស 

ខ្ទឹមក្រហម

ម្ទេសក្រហម

ប៊ីចេង

ស្ករស 

សណ្តែកដីលីង 

ក្រូចឆ្មារ

វិធីធ្វើ:

ទឹកគ្រឿង

1. ដាក់ខ្ទឹមស ខ្ទឹមក្រហម និង ម្ទេសក្រហមចូលត្បាល់រួចបុកឲ្យសប់ល្អ​ មុននឹងដាក់គ្រឿងផ្សំដូចជា ប៊ីចេង ស្ករស ហើយបុកឲ្យរលាយចូលគ្នា។ ដាក់សាច់ត្រីដែលត្រូវបានដកឆ្អឹងចេញចូលទៅក្នុងត្បាល់ជាមួយនឹងគ្រឿងផ្សំផ្សេងៗរួចបុកឲ្យម៉ដ្ឋចូលជាតិគ្នាល្អ។

2. ដាក់សាច់ត្រីដែលបានបុកហើយទៅក្នុងចានរាងធំល្មម ចាក់ទឹកប្រហុកចូល រួចដាក់ប៊ីចេង សណ្តែកដីលីង ទឹកត្រី និង ទឹកក្រូចឆ្មារមួយមុខបន្តិចៗចូលទៅក្នុងចានរួចកូរឲ្យសប់។ 

នំអន្សមចៀន

1. ក្នុងការចៀននំអន្សម ប្រើខ្លាញ់រាងតិចល្មមលិចបាតខ្ទះ តែបើកភ្លើងរាងខ្លាំងបន្តិបដើម្បីកុំឲ្យនំអន្សមជក់ខ្លាញ់។ នៅពេលនំឡើងរាងក្រហម ចាប់នំចេញហើយក្នុងឲ្យស្រក់ខ្លាញ់អស់ គឺនំអន្សមយើងអាចញ៉ាំបានហើយ!

នំអន្សមចៀនទឹកគ្រឿង

ក្នុងការញ៉ាំមុខម្ហូបមួយនេះគឺគេញ៉ាំដូចទឹកគ្រឿងយើងរាល់ដងអ៊ីចឹងគឺមាន បន្លែស្រស់ៗដូចជា សាលាដ ចំណិតត្រសក់ ជីរ ជាដើម តែលើកនេះគឺផ្ទៀបជាមួយនឹងនំអន្សមចៀនសិន​ មុននឹងជ្រលក់ជាមួយនឹងទឹកគ្រឿង!

ងាយស្រួលធ្វើ​ ចំណាយអស់តិច ហើយឆ្ងាញ់ទៀត​​ កុំភ្លេចសាកធ្វើនៅផ្ទះទាំងអស់គ្នាណា៎!

Food Review