Flat White Cafe
- St.1952, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh
- 098 747 312
Flat White Cafe ជាហាងកាហ្វេថ្មីមួយដែលទើបតែបើក មានទីតាំងនៅខណ្ឌសែនសុខ។ ហាងកាហ្វេនេះត្រូវបានដាក់ឈ្មោះថា Flat White Cafe ដោយម្ចាស់ហាងជាគូស្នេហ៍ដែលចូលចិត្តស្រឡាញ់កាហ្វេ និងការធ្វើនំ។
ក្រឡេកមើលពីខាងក្រៅ ហាងនេះមានលក្ខណៈជាផ្ទះល្វែងពណ៌សបែបអឺរ៉ុប ដូចបេះដាក់ទៅនឹងឈ្មោះ។ ពីក្រៅស្អាតបែបស្រគត់ស្រគំ រីឯនៅខាងក្នុងវិញមានបរិយាកាសស្រស់ស្អាតបែបអឺរ៉ុបបន្តិច បែបកូរ៉េបន្តិច។ ការតុបតែងហាងជាមួយវត្ថុលម្អបែបនៅផ្ទះៗធ្វើឲ្យមានអារម្មណ៍ដូចកំពុងបានស្នាក់នៅកន្លែងដែលកក់ក្ដៅ។ នៅទីនេះក៏មានកន្លែងថតរូបស្អាតៗជាច្រើន ទាំងប្លង់ ទាំងពន្លឺ សុទ្ធតែស្អាត ថតមកដឹងតែពេញចិត្តមិនបាច់កែច្រើនតង់តែម្ដង។
Flat White Cafe មានបម្រើជូនភេសជ្ជៈនិងនំជាច្រើនប្រភេទដែលធ្វើនិងច្នៃដោយដៃម្ចាស់ហាងផ្ទាល់។ ក្រុម FoodBuzz យើងចូលចិត្តនំ Soy Sesame Gateau Cake ព្រោះវាមានក្លិនឈ្ងុយល្ងខ្មៅ ប្រហើរៗតែមិនខ្លាំងជ្រុល រីឯរសជាតិវិញក៏មិនផ្អែមពេកដែរ។ ចំណែកឯ Strawberry Omelette វិញក៏មានរសជាតិឆ្ងាញ់មិនចាញ់គ្នាដែរ គឺមានរសជាតិស្រាលស្រទន់ មានជាតិជូរតិចៗពីផ្លៃស្រ្តបឺរីស្រស់ គួបផ្សំគ្នាទៅ ឆ្ងាញ់ជាប់ចិត្ត។
Matcha Sesame Coffee ជាភេសជ្ជៈមួយដែលប្រចាំហាងរបស់ Flat White Cafe ដែលធ្វើឡើងពីតែ Matcha កាហ្វេ និងល្ង ធ្វើឲ្យមានរសជាតិធ្ងន់ល្អ តែបើបានមានរសជាតិនិងក្លិនតែ Matcha ជាងនេះបន្តិចទៀត រឹតតែឆ្ងាញ់។ រីឯ Backyard Garden មានរសជាតិខុសស្រឡះតែម្ដង គឺមានរសជាតិជូរអែមៗ ញ៉ាំទៅស្រស់ស្រាយ សាកសមនឹងអាកាសធាតុនៅខ្មែរយើង។
Flat White Cafe មានបរិយាកាសល្អ មានការតុបតែងស្អាត ហើយមានលក់ភេសជ្ជៈនិងនំជាច្រើនមុខ សាកសមបំផុតសម្រាប់ការជួបជុំមិត្តភក្តិ និងការណាត់ជួបជាមួយគូស្នេហ៍។
Rating:
សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុកតាមរយៈ Flat White Cafe
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.