សាកអារម្មណ៍ថ្មីនៅ Miss Wong បារបែបសៀងហៃជំនាន់ដើមនៅក្នុងក្រុងសៀមរាប

ប្រិយមិត្តមានដែលចាប់អារម្មណ៍អត់ពេលទៅដើរលេងយប់ៗនៅ Pub Street រាល់ដងឃើញឌឿងហែមតូចមួយជាមួយនឹងបារពណ៌ក្រហមព្រៀងៗ ព្រមទាំងការលម្អដោយគោមចិនជាច្រើន និងភ្លើងក្រហមព្រឹមៗ? នោះហើយគឺជា Miss Wong បារបែបសៀងហៃជំនាន់ដើមដែលឈរជើងនៅទីក្រុងសៀមរាបបានជាយូរឆ្នាំ ហើយក៏ជាទីតាំងដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

ប្លែកពីបារដទៃទៀតនៅ Pub Street នេះ Miss Wong ផ្ដល់នូវបរិយាកាសមួយបែបស្រគត់ស្រគុំ តែម៉ឺងម៉ាត់ និងទាក់ទាញដែលសាកសមបំផុតសម្រាប់ភ្ញៀវទេសចរណ៍ស្វែងរកកន្លែងស្ងប់ស្ងាត់ដើម្បីលំហែអារម្មណ៍ ក្រេបរសជាតិភេសជ្ជៈ ម្ហូបឆ្ងាញ់ៗ ហើយសាសងជាមួយអ្នករួមតុ ឬក៏ស្ដាប់តន្ដ្រីពិរោះៗ។ ក្រៅពីការតុបតែងដ៏ស្អាត់ទាក់ភ្នែកបែបទីក្រុងសៀងហៃទសវត្ស 1930 លាយឡំនឹងរូបគំនូរ គ្រឿងសង្ហាររឹមចាស់ៗ ដែលហាក់ដូចជាអ្នកបានចូលទៅកាន់សម័យនោះពិតៗ Miss Wong ទទួលការកោតសរសើរមិនដាច់ពីមាត់ពីភ្ញៀវទៅលើរសជាតិស្រាក្រឡុក ដែលសុទ្ធសឹងតែកែច្នៃឡើងដោយអ្នកជំនាញ និងមានរសជាតិយ៉ាងដក់ជាប់អារម្មណ៍។

ពួកយើងបានភ្លក្ស Miss Wong Punch ស្រាក្រឡុកពិសេសប្រចាំហាង ពណ៌ផ្ដាឈូកដ៏ស្រស់ស្អាត ស្រដៀងទៅនឹងពណ៌ចំបងនៅក្នុងបារនេះដែរ ហើយបើនិយាយពីរសជាតិវិញ គឺមិនខ្លាំងពេកហើយក៏មិនខ្សោយពេក សមល្មមសម្រាប់ការក្រេបលេងៗស្របពេលបណ្ដែតអារម្មណ៍ទៅតាមតន្រ្ដី ហើយក៏មានជាក្លិន និងរសជាតិផ្លែឈើផ្សេងៗបញ្ចូលគ្នាជាច្រើនដូចជាផ្លែក្រេនប៊ឺរី ម្នាស់ ស្វាយ និងក្រូចឆ្មារផងដែរ និយាយទៅស្រស់ស្រាយម្យ៉ាង គួរឲ្យចាប់មាត់! ក្រៅពីនេះប្រិយមិត្តក៏មានជម្រើសជាច្រើនទៀតសម្រាប់ផ្នែកភេសជ្ជៈទាំងស្រាក្រឡុក ទាំងប្រភេទ Gin & Vodka, Miss Wong មានជម្រើសប្លែកៗ កម្រៗរកបានជាច្រើនសម្រាប់អ្នកចូលចិត្តសាករសជាតិប្លែកៗ។ 

ផ្នែកម្ហូបវិញ Miss Wong មានបម្រើជាម្ហូបចិនជាច្រើនបែបទាំងបែបឌីមសាំ ស៊ុប ឆា ចំហុយហើយ FoodBuzz ក៏បានភ្លក្ស 2-3 មុខនឹងគេដែរ រួមមានដូចជាមីឆា ទាខ្វៃរុំសំបកចៃយ៉រ និងនំប៉ាវសាច់សាស៊ីវដែលរសជាតិមួយមុខៗគឺសុទ្ធតែជាប់ចិត្តតែម្ដង។ 

ទៅសៀមរាបលើកក្រោយ ចង់ប្ដូរបរិយាកាសមកជាបែបស្ងប់ស្ងាត់អន្លង់អន្លោច 2 នាក់ៗអី កុំភ្លេច Miss Wong ឲ្យសោះ!

 

មីស វង - Miss Wong

  • St. 26, Between the river and Wat Bo Road
  • 092 428 332

Food Review