គីមដេជី - Geumdwaeji
- #27, Street 347, Sangkat Beoung Kok 1, Toul Kork, Phnom Penh
- 089 381 010
គីមដេជី (មានន័យថាជ្រូកមាស) ជាហាងកូរ៉េថ្មីទើបបើកដំណើរការបានប្រមាណមួយខែប៉ុណ្ណោះ តែសម្រាប់អ្នកចូលចិត្តញ៉ាំសាច់អាំងបែបកូរ៉េប្រហែលជាស្គាល់ហាងមួយនេះស្រាប់ទៅហើយ។ សម្រាប់អ្នកមិនទាន់ស្គាល់ចាំ FoodBuzz នាំមកមើលទាំងអស់គ្នា។
គីមដេជី ជាហាងសាច់អាំងកូរ៉េបែបស្តង់ដាខ្ពស់សមស្របជាមួយការជួបជុំគ្រួសារ ការណាត់ជួបមិត្តភក្ដិ កំសាន្តសប្បាយ ជល់កែវសូជូ ឬ បៀរ ញ៉ាំជាមួយសាច់អាំងក្ដៅៗហុយៗខ្ចប់បន្លែ គឺថាឆ្ងាញ់សែនឆ្ងាញ់តែម្ដង! គីមដេជី មានលក្ខណៈពិសេសមួយគឺ មុខម្ហូបទាំងអស់តែងមាន Side Dish មកជាមួយដូចជាគីមឈីស្ពៃ គីមឈីត្រសក់ បន្លែបៃតងស្រស់ៗផ្ទាប់ជាមួយសាច់អាំង ស៊ុបត្រជាក់ និងអាហារជាច្រើនមុខទៀត។ បើនិយាយពីសេវាកម្មគឺថាពេញចិត្តស្ដូកតែម្ដង បុគ្គលិកដែលបម្រើការនៅទីនេះមានការយកចិត្តទុកដាក់ខ្ពស់ចំពោះភ្ញៀវមិនឱ្យខកចិត្តតែម្ដង។ សាច់អាំងទាំងអស់នៅ គីមដេជី ត្រូវបាននាំមកពីប្រទេសអាមេរិក ហុងគ្រី និងអង់គ្លេស និងទុកដាក់យ៉ាងត្រឹមត្រូវដើម្បីរក្សាបាននូវគុណភាពខ្ពស់ជានិច្ច។
ចង់ដឹងហាងសាច់អាំងកូរ៉េមួយនេះមានលក់មុខម្ហូបអី្វខ្លះអត់? អានបន្ដទាំងអស់គ្នា!
មុខម្ហូបល្បីប្រចាំហាងគឺ សាច់ជ្រូកម៉ាងកាលីឆាក្រៀល ដែលជាពូជបង្កាត់ពីជ្រូកព្រៃរបស់ហុងគ្រី និងជ្រូកអ៊ីរ៉ុប។ សាច់ជ្រូកនេះមានរូបរាងទាក់ទាញ និងមានជាតិខ្លាញ់តិចៗស័ក្ដិសមពេលញ៉ាំជាមួយគីមឈីណាស់។ គ្រាន់នឹកដល់ក៏ស្ទើរស្រក់ទឹកមាត់ដែរ! ក្រុមការងារ FoodBuzz ក៏បានភ្លក្សរសជាតិ សាច់ចំឡកក្រៅជាប់ឆ្អឹង មកពីប្រទេសអង់គ្លេស ជាសាច់មានគុណភាពខ្ពស់ មានសភាពទន់ផុយពិតៗ ហើយរសជាតិវិញមិនបាច់និយាយ គឺថារសជាតិក្នុងក្ដីស្រមៃតែម្ដង! ការអាំងដាក់ម្រេចខ្មៅ ខ្ទឹមស និងអំបិលគ្រួសកាន់តែបន្ថែមរសជាតិឱ្យសាច់នេះ។
បន្ទាប់មក យើងបានសាករសជាតិ ឈុតសាច់គោពិសេស + ឈីស ដែលមានសាច់គោកាត់ជាដុំៗបួនជ្រុងប្លែកពីធម្មតាព្រមទាំងដាក់អាំងជាមួយឈីសនាំចូលពីប្រទេសកូរ៉េ ដែលជាឈីសម្យ៉ាងមិនរលាយលើចង្ក្រានអាំង តែរលាយនៅក្នុងមាត់ពេលទំពារ! ពេលញ៉ាំសាច់អាំងជាមួយឈីសបូករួមជាមួយបន្លែផ្ទាប់ និងទឹកជ្រលក់ គឺថាឆ្ងាញ់លើសពីការស្មាន។ សាច់អាំងទាំងអស់នៅ គីមដេជី ត្រូវបានអាំងលើចង្ក្រានថ្មដោយប្រើធ្យូងដើម្បីឱ្យមានកម្ដៅល្អ និងអាំងសាច់បានកាន់តែឆ្ងាញ់។ សាច់អាំងនេះ គេនិយមញ៉ាំជាមួយវ៉ាសាប៉ិ (Wasabi) ដែលធ្វើពីផ្លែវ៉ាសាប៉ិកិនភ្លាមៗតែម្ដង និងអំបិលពណ៌ផ្កាឈូកដែលមានជាតិរ៉ែខ្ពស់ និងរសជាតិឆ្ងាញ់ជាងអំបិលធម្មតា។
នៅ គីមដេជី មិនត្រឹមតែមានសាច់អាំងបែបកូរ៉េពិតៗទេ តែក៏មានជម្រើសមុខម្ហូបកូរ៉េជាច្រើនមុខដែរ។ អ្នកចូលចិត្តមើលរឿងកូរ៉េ (K-Drama) ប្រាកដជាស្គាល់មុខម្ហូបទាំងនេះជាមិនខាន។ ដំបូង យើងបានភ្លក្សរសជាតិ មីស្វិតត្រជាក់ (Naengmyeon) ដែលមានសភាពទន់ស្វិនជាងមីដទៃដាច់តែម្ដង ហើយទឹកស៊ុបត្រជាក់មានរសជាតិស្រស់ស្រាយពិតជាត្រូវម៉ាច់ជាមួយសរសៃមីដ៏ស្វិតនេះ។ ម្ហូបកូរ៉េមួយទៀតដែលគេច្រើនស្គាល់គឺ បាយឆាគីមឈីពិសេស ដាក់លើបន្ទះដែក ហើយពេលដល់តុនៅឮសម្លេងឈីវៗនៅឡើយ! បាយឆាក្ដៅៗមានដាក់ស៊ុតជ័រភ្នៅមួយគ្រាប់កូរញ៉ាំជាមួយគ្នា គឺថាឆ្ងាញ់អស្ចារ្យតែម្ដង។ មុខម្ហូបមួយដែលស្ដាប់ទៅរៀងចម្លែកតែរសជាតិមិនចាញ់គេ គឺចាហួយសមុទ្រ (Jellyfish Salad) ដែលជាសាលាដបន្លែពណ៌ស្រស់គួរឱ្យទទួលទាន មានដាក់បង្គា និងស្រោចទឹកជ្រលក់ពីលើ មុខម្ហូបនេះមានរសជាតិជូរតិចៗ និងញ៉ាំទៅស្រួយតែម្ដង។
សម្រាប់អ្នកចូលចិត្តសាច់ជ្រូក និងអាហារស្រួយៗ មុខម្ហួបបន្ទាប់គឺសម្រាប់អ្នកហើយ។ សាច់ជ្រូកបំពង ត្រូវបានចម្អិនឡើងដោយប្រើសាច់ជ្រូកបន្ទះធំ ដាក់បំពងម្សៅស្រួយៗ ញ៉ាំជាមួយទឹកជ្រលក់ស្រោចពីលើ បង្កើតបានជាមុខម្ហូបដ៏ទាក់ទាញ និងមិនគួរមើលរំលង។ ម្ហូបឆ្ងាញ់បន្ទាប់គឺ មឹកបំពង់ស្រុះ ចម្អិនពីមឹកស្រស់ សាច់ណែនផ្អែមល្អ ញ៉ាំជាមួយគ្រឿងផ្ទាប់គឺកាន់តែឆ្ងាញ់។ មុខម្ហួបចុងក្រោយជាម្ហូបយ៉ាងពិសេស ទាក់ទាញត្រង់មានឈីសច្រើន ទាញបានយ៉ាងវែងតែម្ដង។ ដំឡូងបារាំងចៀនឈីស ផ្សំពីដំឡូងបារាំងចិតជាចំណិតវែង តូចៗចៀនស្រួយជាមួយឈីសច្រើន ជាមុខម្ហូបយ៉ាងទាក់ទាញ និងគួរកុម្ម៉ង់ញ៉ាំជាមួយមនុស្សជាទីស្រឡាញ់។
បើទៅដល់ហាងកូរ៉េ ចង់ញ៉ាំសាច់អាំងបូករួមនឹងម្ហូបកូរ៉េឆ្ងាញ់ៗ សាកមកលេងហ្គេមកូរ៉េដែលគេហៅថា ទីតានិក (Titanic) ដោយគ្រាន់តែយកពែងតូចទទេរ ដាក់ចូលកែវស្រាដែលមានស្រាជិតពេញ ដាក់វេនគ្នាចាក់បៀរ ឬ សូជូចូលក្នុងពែងម្នាក់ម្ដងៗ នរណាចាក់ឱ្យពែងលិចនឹងត្រូវផឹកមួយកែវដាច់តែម្ដង! ហ្គេមនេះលេងសប្បាយហើយឆ្ងាញ់ទៀត ព្រោះសូជូនិងបៀរ ពេលបានញ៉ាំជាមួយសាច់អាំងកូរ៉េ គឺថាឆ្ងាញ់អស់ស្ទះតែម្ដង។
ពេលនិយាយពីម្ហូបកូរ៉េ គ្មានទីណាល្អជាង គីមដេជី ទេ! សាច់អាំងស្តង់ដាខ្ពស់ រសជាតិឆ្ងាញ់ ជាជម្រើសល្អឥតខ្ចោះសម្រាប់ការជួបជុំក្រុមគ្រួសារ និងមិត្តភក្តិ។ ក្រុមការងារ FoodBuzz ពិតជាពេញចិត្តជាមួយ គីមដេជី ខ្លាំងមែនទែន ហើយយើងសង្ឃឹមថាប្រិយមិត្តនឹងទទួលបានបទពិសោធន៍សប្បាយដូចគ្នា។ នៅចាំអីទៀត ល្មមគិតគូរបបួលគ្នា ស្រួលកក់តុនៅ គីមដេជី ឱ្យហើយ!
តម្លៃ៖ $8.00+ សម្រាប់ម្ហូបមួយមុខ (មានអាហារផ្ទាប់មកជាមួយ)
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.