ឆ្ងាញ់កប់ ហើយទុកបានយូរទៀត! តោះសាករៀនធ្វើពងមាន់ជ្រក់ទឹកស៊ីអ៊ីវបែបកូរ៉េ ទុកញ៉ាំនៅផ្ទះ
នៅផ្ទះមួយរយៈនេះញ៉ាំតែពងចៀន ពងស្ងោដដែលៗ ឡើងចង់ធុញហើយ! ឥឡូវសាករៀនធ្វើ ពងមាន់ជ្រក់ទឹកស៊ីអ៊ីវបែបកូរ៉េម្ដងមើល រសជាតិឆ្ងាញ់ហើយទុកសម្រាប់បរិភោគបានយូរទៀតផង!
#គ្រឿងផ្សំ៖
- ពងមាន់ ៦គ្រាប់
- អំបិល ២ស្លាបព្រាកាហ្វេ
- ទឹកខ្មេះ ១ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ៨ស្លាបព្រាបាយ
- ទឹក ៨ស្លាបព្រាបាយ
- ទឹកឃ្មុំ ៨ស្លាបព្រាបាយ
- ខ្ទឹមសចិញ្ច្រាំ ៣កំពឹស
- ស្លឹកខ្ទឹម ៣-៤ស្លឹក
- ម្ទេសហាន់ជាចំណិតៗ (ដាក់តាមចំណង់ចំណូលចិត្ត)
- ល្ង ១ស្លាបព្រាបាយ
#របៀបធ្វើ៖
១. ដាក់ទឹកក្នុងឆ្នាំងបរិមាណសមល្មមសម្រាប់ស្ងោពងមាន់ បន្ទាប់មកដាក់អំបិល និង ទឹកខ្មេះចូលរួចបើកភ្លើងឱ្យខ្លាំងរហូតដល់ពុះ។ បន្ទាប់ពីទឹកពុះដាក់ពងមាន់ចូល រួចទុករយៈពេល ៦នាទីសម្រាប់ពងមាន់ជ័រភ្នៅ ឬ ១០នាទីសម្រាប់ពងមាន់់ឆ្អិនល្អ។
២. បន្ទាប់មកស្រង់ពងមាន់មកត្រាំទឺកកក ហើយទុកមួយឡែក។
៣. រួចនៅក្នុងចានគោមដាក់ទឹកស៊ីអ៊ីវ ទឺក និង ទឹកឃ្មុំចូលរួចកូរឱ្យសព្វ។ បន្ទាប់មកដាក់ ខ្ទឹមស ស្លឺកខ្ទឹម ម្ទេស និង ល្ងចូលរួចកូរឱ្យសព្វម្តងទៀត។
៤. ជាបន្ទាប់ត្រូវបកសំបកពងមាន់ រួចដាក់ពងមាន់ចូលទៅក្នុងប្រអប់ដែលបិទជិតល្អហើយចាក់ទឹកស៊ីអ៊ីវដែលបានលាយរួចចូល។ បន្ទាប់មកបិទប្រអប់ឱ្យជិត រួចយកទៅទុកនៅក្នុងទូរទឹកកករយៈពេល៦-៨ម៉ោងមុនបរិភោគ។ ពងមាន់ត្រាំនេះអាចរក្សាទុកបានរយៈពេល៥ ទៅ ៧ថ្ងៃនៅក្នុងទូរទឹកកក។ បានញ៉ាំជាមួយបាយក្ដៅៗ អេមណាស់!
ប្រភព៖ seonkyounglongest
**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz