មេឃក្ដៅអ៊ីចឹង ធ្វើការ៉េមងាយៗទាំងនេះ ដាក់ទូទឹកកកទុកញ៉ាំម៉េចដែរ!
បើនៅផ្ទះមានទូទឹកក កែវ ឬ ពុម្ពការ៉េម និងគ្រឿងផ្សំតែប៉ុន្មានមុខ មានដឹងអត់ថាអាចធ្វើការ៉េមឆ្ងាញ់ៗញ៉ាំបាន? តោះ! FoodBuzz នឹងណែនាំប្រភេទការ៉េមមួយចំនួន ដែលលោកអ្នកអាចធ្វើបានដោយខ្លួនឯងនៅផ្ទះ ជាមួយនឹងរូបមន្តងាយៗ។
#1 ការ៉េមចេក
គ្រឿងផ្សំ ៖
ផ្លែឈើ (តាមជម្រើស ជាទូទៅគេប្រើ ចេកទុំ ខ្នុរទុំ ដូងខ្ចី ឬ ផ្លែមៀន) សណ្តែកដីលីង ១ ចាន ទឹកដោះគោ ១/២កំប៉ុង ខ្ទិះដូង ១/២គក ម្សៅឆា ទឹកដោះគោខាប់ ស្ករស អំបិល
> ចេកទុំ ១/២ស្និត (ប៉ន់ឲ្យបែក)
> ខ្នុរទុំ ១ ដុំ (បេះជាសរសៃៗ)
> ដូងខ្ចី ១ ផ្លែ (កោសសាច់ជាបន្ទះៗ)
> ផ្លែមៀន ១ ចាន (បេះយកគ្រាប់ចេញ)
របៀបធ្វើ ៖
> កូរខ្ទិះដូងលើភ្លើងឲ្យពុះ (ដាក់ម្សៅឆា ១ ស្លាបព្រា ទឹកដោះគោខាប់ ១/២ ចានចង្កឹះ អំបិល ១/២ ស្លាបព្រា ស្ករស) ភ្លក្សមើលរសជាតិតាមចំណូលចិត្ត
> ចាក់ផ្លែឈើ និងសណ្តែកដីចូល ហើយកូរចូលគ្នាឲ្យសព្វ
> ទុកឲ្យត្រជាក់ រួចដាក់ក្នុងកែវ/ប្រអប់/ថង់ ហើយទុកឲ្យកក។
#2 ការ៉េមយ៉ាអួ
គ្រឿងផ្សំ ៖
ទឹកដោះគោស្រស់ ទឹកដោះគោខាប់ ១ កំប៉ុង យ៉ាអួ ១ កំប៉ុង (១៣០-១៥០មល) ទឹកក្តៅ
***បើអ្នកចង់ដាក់រសជាតិបន្ថែម អ្នកក៏អាចដាក់ទឹកផ្លែឈើតាមចំណូលចិត្តផងដែរ (គួរប្រើទឹកផ្លែឈើស្រស់ ដែលកិនចេញពីផ្លែឈើ)
របៀបធ្វើ ៖
> ចាក់ទឹកដោះគោខាប់ ១ កំប៉ុងចូលទៅក្នុងឆ្នាំង
> ចាក់ទឹកដោះស្រស់ ១ កំប៉ុង ទឹកក្តៅ ១ កំប៉ុង (វាល់ជាមួយនឹងកំប៉ុងទឹកដោះគោខាប់)
> ចាក់យ៉ាអួចូលទៅក្នុង រួចកូរឲ្យសព្វ ហើយដាក់ឲ្យកកជាការស្រេច
#3 ការ៉េមយាអួក្រឡុកជាមួយផ្លែឈើ
គ្រឿងផ្សំ ៖
ទឹកដោះគោស្រស់ យ៉ាអួ ទឹកឃ្មុំ ឬ ទឹកស្ករ ផ្លែឈើ (តាមចំណូលចិត្ត)
របៀបធ្វើ ៖
> ចិតផ្លែឈើជាចំណិតតូចល្មម រួចដាក់ទៅក្នុងម៉ាស៊ីនក្រឡុក
> ចាក់ទឹកដោះស្រស់ប្រមាណ ៣០០ មល យ៉ាអួ ៣-៤ ស្លាបព្រាបាយចូល រួចក្រឡុកចូលគ្នាឲ្យសព្វ
> ចាក់ទឹកឃ្មុំ ១ ស្លាបព្រាបបាយចូល ឬ ច្រើនជាងនេះ ប្រសិនបើអ្នកចូលចិត្តផ្អែម
> ក្រឡុកម្តងទៀតឲ្យសព្វ ហើយដួសដាក់ទុកឲ្យកកជាការស្រេច។
#4 ការ៉េមជាមួយនឹងភេសជ្ជៈ
ងាយៗមែនទែន គ្រាន់តែចាក់ភេសជ្ជៈ (អាចជាទឹកផ្លែឈើកិន ទឹកផ្លែឈើកំប៉ុង កូកា) ទៅក្នុងកែវ ឬ ពុម្ពការ៉េម ហើយទុកឲ្យកក ជាការស្រេច។
***អាចចិតចំណិតផ្លែឈើដាក់ជាមួយ ឬ បើចូលចិត្តផ្អែម អាចដាំទឹកស្ករលាយជាមួយផងដែរ
#5 សាំងវ៉ិចការ៉េម
***មួយមុខនេះ រាងខុសពីគេបន្តិច ព្រោះយើងមិនមែនធ្វើការ៉េមទេ គឺគ្រាន់តែច្នៃ
គ្រឿងផ្សំ៖
ការ៉េម នំ Biscuit (ប្រភេទនំដុត/ធុង សំប៉ែតៗ ឬមូលៗ)
វិធីធ្វើ ៖
រៀបដូចសាំងវ៉ិចអញ្ចឹង ដោយគ្រាន់តែដាក់ការ៉េមនៅចន្លោះនំ ២ ហើយញ៉ាំ!