បើមានត្រៀមអាហារទាំងនេះទុក មិនបាច់ភ័យរឿងដាច់ស្បៀងទេ៎!
នៅក្នុងទូទឹកកក ក្រៅពីត្រី សាច់ បន្លែ និងស៊ុតស្រស់ៗ ក៏គួរតែមានអាហារក្រៀមប៉ុន្មានមុខត្រៀមទុកជាស្បៀងសម្រាប់ដោះទាល់នៅថ្ងៃខ្លះផងដែរ។ បើសិនជាអាច គឺគួរតែទិញទុកក្នុងទូផង ព្រោះថាមិនត្រឹមទុកបានយូរទេ ថែមទាំងងាយច្នៃធ្វើម្ហូបញ៉ាំទៀត។
#1 សាច់/ត្រីងៀត សាច់/ត្រីផាត់
សាច់គោងៀតក៏បាន សាច់ជ្រូកងៀតក៏បាន ងាយទុកដាក់ហើយចង់ញ៉ាំអី គ្រាន់តែអាំងតិចៗ ឬ ចៀនហ្មងក៏បាន ហើយញ៉ាំជាមួយជ្រក់អីទៅ ឆ្ងាញ់មាត់តែម្តង! បើត្រីងៀតវិញ ញ៉ាំជាមួយបាយកក ឬ បបរសអីហ្នឹង សុទ្ធតែអ៊ែមហើយ។
#2 បង្គា្កក្រៀម (ហាយប៊ី)
មានតែ 1 ក្រឡក៏បានដែរ! ទុកដាក់ចម្អិនជាមួយម្ហូប (ពោតលីង ញាំស្វាយ…) ធ្វើទឹកជ្រលក់ម្ជូរ ឬក៏ធ្វើគ្រឿងក្លែមពិសេស (ដាក់លាយជាមួយនឹងក្រូចឆ្មា ម្ទេស ខ្ទឹមស ស្ករស ទឹកត្រី)។
#3 ត្រីឆ្អើរ
ទុក ២-៣ ចង្កាក់ក្នុងទូ សម្រាប់ញាំស្វាយ ឬ ម្កាក់ បុកជាមួយបន្លែ ឬស្លរម្ជូរក៏បាន ហើយបើមិនសូវចង់ធ្វើអីច្រើនទេ ក៏អាចចៀន ឬ អាំងឲ្យក្រៀមហើយជ្រលក់ជាមួយទឹកត្រី ឬ ជ្រក់ក៏បានដែរ។
#4 សាច់ក្រក
មិនសំដៅលើសាច់ក្រកបែបអឺរ៉ុប (ហតដក) អីហ្នឹងទេ គឺនិយាយអំពីសាច់ក្រកគោ ឬ សាច់ក្រកជ្រូកយើងហ្នឹង ដែលមិនពិបាករកទិញ ហើយក៏មិនពិបាកទុកដាក់ដែរ។ បើនិយាយពីវិធីចម្អិនវិញ អាចចៀន ឬអាំង ឆាជាមួយបាយ ឬ ក៏ឆាជាមួយបន្លែបានទៀតផង។
#5 ស៊ុត
ស៊ុតទា/មាន់ ទាំងសាប និងប្រៃ លាងឲ្យស្អាតហើយដាក់ក្នុងទូទឹកកក ក៏ជាស្បៀងដ៏សំខាន់មួយដែរ។ មិនត្រឹមតែងាយចម្អិនទេ តែក៏ល្អចំពោះសុខភាពទៀតផង។
#6 គ្រឿងផ្អាប់
ប្រហុក កាពិ ផ្អក ឬ ម៉ាំ ដែលអាចរក្សាទុកបានក្នុងរយៈពេលយូរ ថ្វីបើញ៉ាំច្រើន មិនសូវល្អ តែបើយូរៗញ៉ាំម្តង លាយជាមួយនឹងបន្លែ ត្រី សាច់ ក៏អាចឲ្យរួចខ្លួនបានច្រើនពេលដោយងាយដែរ។
#7 ឆៃប៉ូវ និងជ្រក់
ពេលខ្លះ ក៏អាចញ៉ាំជាមួយនឹងម្ហូបគោល (ត្រីអាំង សាច់ចៀន) ហើយពេលខ្លះ ក៏អាចញ៉ាំលេងជាអាហារសម្រន់។
#8 អាហារកញ្ចប់/កំប៉ុង
មិនថាមីកញ្ចប់ ឬ ត្រីខកំប៉ុងទេ សុទ្ធតែអាចជាស្បៀងដែលងាយទុកដាក់ និងងាយចម្អិន ហើយបើចេះច្នៃថែមសាច់/ប្រហិត ស៊ុត និងបន្លែទៀតនោះ ប្រាកដជាអាចចំណេញប្រាក់ និងពេលវេលា។