ឃ្លាននំដុតដូចក្នុងរឿងភាគចិនមែន? ឥឡូវមាននៅខ្មែរហើយ ម្តុំកោះពេជ្រយើងហ្នឹង!
មើលរឿងភាគចិនភាគច្រើនឃើញតែគេធ្វើឬលក់នំដុតដែលមានស្នូលអីទេ មើលទៅប្លែកៗ ហើយពេលខ្លះទៀតអង្គុយឆ្ងល់ថានៅណាគេមានលក់នំដុតដូចក្នុងរឿងភាគចិនចឹងណ៎? ថ្ងៃនេះ StreetBuzz មកស្រាយចម្ងល់ហ្នឹងឲ្យអ្នកទាំងអស់គ្នា!
តូបឡៅឆាងសា នំដុតបែបចិននេះ មានទីតាំងនៅម្តុំកោះពេជ្រយើងនេះ ហើយដោយសារមួយរយៈនេះមានអ្នកទៅទិញច្រើន ចឹងក្នុងមួយថ្ងៃៗគាត់លក់អស់មិនក្រោម 400 ទៅ 500 នំទេ ហើយនិយាយពីតម្លៃវិញមានចាប់ពី $2ទៅ$5 តាមទំហំនៃនំ ឬយើងចង់ថែមស្នូលនៃនំក៏បានដែរ។ លក្ខណៈពិសេសរបស់តូបនេះ គឺម្ចាស់តូបគាត់បានដុតនំនីមួយៗនៅក្នុងពាងតាមចិនបុរាណ មិនដូចហាងផ្សេងៗដែលប្រើឡដុតធំៗនោះទេ។
បើតាម StreetBuzz បានសាកសួរប្រវត្តិលក់នំពីម្ចាស់តូបផ្ទាល់តែម្តង ហើយគាត់បានប្រាប់ថា រូបមន្ដដែលគាត់ប្រើរាល់ថ្ងៃនេះគឺត្រូវបានបន្សល់ទុកតាំងពីជំនាន់ដូនតាគាត់លក់នៅប្រទេសចិនមកម្ល៉េះ រាប់មកដល់ឥលូវជាង 80 ឆ្នាំហើយ! ម្ចាស់តូបជាជនជាតិចិនសុទ្ធ តែគាត់បានមករស់នៅប្រទេសខ្មែរយើងជាង 4 ទៅ 5 ឆ្នាំហើយ ឡើងសឹងតែអាចនិយាយខ្មែរបានទៀត។
នំដុតរបស់គាត់គឺមិនបានធ្វើទុកមុនទេ ទាល់តែមានភ្ញៀវកុម៉្មង់ទើបគាត់ធ្វើដុតភ្លាមៗតែម្តង ហើយបើនិយាយពីរសជាតិនៃនំដុតវិញគឺ ប្រៃនិងហិរតិចៗ ក្លិនគ្រឿងទេសចិនឡើងឈ្ងុយ តែសម្រាប់អ្នកចាញ់ក្លិន
ឬមិនសូវចូលចិត្តគ្រឿងទេសចិនអីអាចសាកទិញមួយដុំចែកគ្នាជាមួយមិត្តភក្តិអីបាន។ តែបើអ្នកធ្លាប់ញ៉ាំហើយចូលចិត្តវិញ ពីរនំម្នាក់ឯងអីនៅមិនឆ្អែតផង!
StreetBuzz ចង់ប្រាប់ថាគាត់មិនលក់តែមាននំដុតហ្នឹងមួយមុខទេ គាត់ក៏មានរបស់ញ៉ាំផ្សេងទៀតដែរដូចជា៖ តៅហ៊ូរស្អុយ បង្អែមតៅហ៊ូរសជាតិទឹកដោះគោនិងសណ្តែកក្រហមជាដើម។
សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមលេខ៖ 096 260 5426
អាសយដ្ឋាន៖ ស្ពានហង្ស ទល់មុខអគារ The Peak
ផែនទី៖ https://goo.gl/maps/KgbreH6DDugzpTgq6
រវល់តែនិយាយឡើងជក់មាត់ ក្រុមដើរញ៉ាំ StreetBuzz សុំញ៉ាំតិចសិនណា និងកុំភ្លេចមកភ្លក់ឲដឹងរសជាតិទាំងអស់គ្នាណា Bye!