ទទួលបទពិសោធន៍អាហារអេស្ប៉ញពិតៗរៀបចំដោយមេចុងភៅបរទេសក្នុងកម្មវិធី Chefs Series របស់ El Tapas!

អ្នកដែលធ្លាប់អានអត្ថបទដែល FoodBuzz បានរៀបរាប់ពីភោជនីយដ្ឋានទាំង 4 នៅក្នុងសណ្ឋាគារប្រណីត Hôtel KVL ប្រាកដជាដឹងហើយថា El Tapas គឺជាភោជនីយដ្ឋានបែបអេស្ប៉ាញដ៏សម្បូរបែបមួយក្នុងជាន់ក្រោមដីរបស់សណ្ឋាគារតែម្តង។ 


ដើម្បីណែនាំពីរសជាតិដ៏ប្លែកមាត់របស់ម្ហូបអេស្ប៉ាញឲ្យកាន់តែស៊ីជម្រៅ​ Hôtel KVL បានរៀបចំកម្មវិធី Chefs Series ដែលដឹកនាំដោយលោក Mario Yufera ដែលជាមេចុងភៅជនជាតិអេស្ប៉ាញប្រចាំ Hôtel KVL  និង ចុងភៅឯកទេស លោក​ Jacobo Astray ដែល​ខាងសណ្ឋាគារបានអញ្ជើញមកពីប្រទេសថៃផ្ទាលតែម្តង។

លោក​ Jacobo Astray (ឆ្វេង) និង លោក Mario Yufera​ (ស្តាំ)

សម្រាប់កម្មវិធី Chefs Series នេះដែរ មេចុងភៅទាំងពីរនាក់បានជ្រើសរើសមុខម្ហូប 8 មុខ ដែលប្រើប្រាស់គ្រឿងផ្សំស្រស់ៗ និង ប្លែកៗដែលបាននាំយកពីប្រទេសអេស្ប៉ាញផ្ទាល់តែម្តង។ ពិសេសជាងនេះទៀតគឺ ម្ហូបចម្អិនភ្លាមៗម្តងមួយមុខ ហើយម្ហូបនីមួយៗគឺមានជម្រើសស្រាមួយកែវមកជាមួយផងដែរ!

កម្មវិធី Chefs Series បានប្រាព្ធឡើងនៅថ្ងៃទី 2 និង ទី 3 ខែកុម្ភៈ ឆ្នាំ 2023។ ចង់ប្រាប់ថាក្រុមការងាររបស់​ FoodBuzz ក៏បានចូលរួមផ្ទាល់ដែរណា៎! គ្រាន់ពួកយើងទៅដល់ខាងមុខសណ្ឋាគារភ្លាម បុគ្គលិកបានចូលមករាក់ទាក់យ៉ាងគួរសមតែម្តង ហើយបាននាំពួកយើងចូលទៅ El Tapas ដែលជាភោជនីយដ្ឋានអាហារអេស្ប៉ញ​ប្រចាំ Hôtel KVL មានទីតាំងនៅខាងក្រោមដី។ ពេលចុះទៅដល់ គឺមានអារម្មណ៍ថាដូចដើរនៅប្រទេសអេស្ប៉ាញអ៊ីចឹងជាមួយនឹងការរតុបតែងជាមួយការរំលេចពណ៌ក្រហម ស្រគត់ស្រគំបែបប្រណីត។ 

ម្ហូបទី 1 មានឈ្មោះថា Cantabric Anchovies ដែលមានរសជាតិប្លែកមាត់ជាមួយនឹងភាពស្រស់ៗពីបន្លែដូចជាកូនប៉េងប៉ោះក្រហម អូលីវ និង ជីបៃតង ដែលត្រូវគ្នាជាមួយជាតិប្រៃពីសាច់ត្រី Anchovies នឹងទឹកជ្រលក់ដែលមាន Stracciatella Cheese។ រសជាតិប្រៃលមៗនេះដាក់ជាមួយភេសជ្ជៈប្រភេទ Cava ឈ្មោះថា Segura Viudas Brut គឺត្រូវម៉ាច់!

Las patatas Con Bacalao គឺជាមុខម្ហូបទី 2 ដែលមាននៅខាងក្រោម Fondant Potatoes ស្រោចជាមួយនឹងទឹកជ្រលក់ដែលត្រូវបានគេរម្ងាស់យកជាតិឡើងដិតមុនគេដាក់ដុំពងត្រី Cod Fish នៅពីលើ។ ក្រេបជាមួយស្រា Basa Blanco តិចៗគឺមានជាតិតែម្តង។ 


ម្ហូបទី 3 មានឈ្មោះថា Foie Gras Brioche គឺជាប្រភេទម្ហូបដែលមាននំបុ័ង Brioche អាំងឡើងស្រួយនៅពីក្រោមជាមួយនឹង topping ដូចជាថ្លើមទា និង ចំណិតផ្លែស្ត្របឺរី។ ស្តាប់ទៅប្លែកមែន តែថ្លែមទាប្រៃលមៗញ៉ាំជាមួយចំណិតផ្លែស្ត្របឺរីជូអែមគឺត្រូវគ្នាល្អណាស់ជាមួយនឹងនំបុ័ង Brioche ស្រួយៗ។ Gaba do Xil Godello គឺជាស្រាបែបស្រាលរបស់អេស្ប៉ាញ ជិបតិចៗបណ្តើរញ៉ាំជាមួយនឹង Foie Gras Brioche គឺជាតិតែម្តង!

Dry Aged Spanish Mackerel គឺជាម្ហូបទី 4 ដែលផ្ដោតទៅលើត្រីដែលត្រូវបានមេចុងភៅហាលសំងួតដល់ទៅ 10 ថ្ងៃដើម្បីកាន់រសជាតិឲ្យកាន់តែសម្បូរបែប! កាន់តែពិសេសនោះ ម្ហូបនេះក៏មានសាច់ Iberico Pancetta និង បន្លែបន្ទុបនៅពីលើសាច់ត្រីដែរ! ស្បែកត្រីត្រូវបានមេចុងភៅអាំងឡើងស្រួយ ហើយសាច់ត្រីគឺទន់ហើយមានជាតិរាងដិត។

ម្ហូបទី 5 គឺជាប្រភេទបាយដែលគេដាំជាមួយនឹងគ្រឿងផ្សំប្លែកដូចជាបង្គារ Langoustine ជាដើម។ រសជាតិរបស់ Arroz de Langostinos គឺប្រៃលមៗមានជាតិគ្រឿងសមុទ្រក្នុងបាយ និង ពងត្រីសាម៉ុងស្រស់ៗ។ ដួសមួយស្លាបព្រាមកឡើង បាយមានលក្ខណៈបិរៗស្រដៀងទៅនឹងបបរ ញ៉ាំមួយម៉ាត់ទៅគឺរលាយក្នុងមាត់តែម្តង។ ម្ហូបរាងប្រៃៗបែបគ្រឿងសមុទ្រអ៊ីចឹង ជិបជាមួយស្រារសជាតិស្រទន់ Tempranillo គឺត្រូវម៉ាច់តែម្តង។ 

ម្ហូបទី 6 គឺជាម្ហូបចុងក្រោយមុនចូលវគ្គបង្អែម។ Pigeon Breast គឺជាម្ហូបដែលផ្តោតលើដើមទ្រូង និង ជើងរបស់សាច់ព្រាបដែលញ៉ាំជាមួយនឹងផ្លែប៊្លូបឺរីត្រាំ។ ចំណែកឯទឹកជ្រលក់វិញគឺធ្វើពីថ្លើមដែលត្រូវបានគេរម្ងាស់ឡើងមានជាតិ!

ចូលដល់វគ្គបង្អែមហើយណា៎! Manchego Cheese គឺជាបង្អែមមានចំណិតផ្លែស្ត្របឺស្រស់ៗនៅពីក្រោមគ្របដណ្តប់ដោយ Manchego Foam និង Basil Oil ជាមួយនឹង Freeze Dried Strawberry និង Manchego Cheese ជា topping។ 

បង្អែមចុងក្រោយគេគឺ A Walk in The Forest ដែលជាបង្អែមបែបការ៉េមតែមានរសជាតិប្រៃលមៗប្លែកជាមួយនឹង ផ្សិតម្ជុល Rosemary Cream នៅខាងក្រោម និង ការ៉េម Smoked Vanilla Ice Cream ត្រជាក់ៗផងដែរ!

ទាំងនេះគឺជាម្ហូបទាំង 8 មុខដែលនៅក្នុងកម្មវិធី Chefs Series របស់មេចុងភៅជនជាតិអេស្ប៉ាញ លោក Mario Yufera​ និង ចុងភៅឯកទេស លោក​ Jacobo Astray។ ម្ហូបសុទ្ធតែទំនងៗ មានរសជាតិប្លែកៗបែបអេស្ប៉ាញជាមួយនឹងគ្រឿងផ្សំគុណភាពខ្ពស់ៗដែលនាំយកមកពីប្រទេសអេស្ប៉ាញផ្ទាល់តែម្តង!

យើងអាចថាបានថា នេះគឺជាការចាប់ផ្តើមដំបូងរបស់ Chefs Series នៅឡើយទេ នៅសម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីពិសេសៗរបស់ Hôtel KVL អ្នកទាំងអស់គ្នាអាចចូលទៅកាន់ផេកហ្វេសប៊ុក Hôtel KVL បានណា៎!

El Tapas

  • Inside Hôtel KVL, #379 Preah Sisowath Quay, Sangkat Chey Chumnes, Khan Daun Penh, Phnom Penh
  • 023 936 333

Food Review