កន្លែងញ៉ាំណាខ្លះតម្លៃសមរម្យហើយច្រើនញ៉ាំឆ្អែតតឹងពោះទៀតនោះ?
កំពុងតែរកមើលកន្លែងដែលលក់របស់ញ៉ាំតម្លៃសមរម្យ ហើយច្រើនទៀតមែនអត់? ថ្ងៃនេះ FoodBuzz ចង់ប្រាប់កន្លែងញ៉ាំទាំងច្រើន និងតម្លៃសមរម្យប្រិយមិត្តទាំងអស់គ្នា។
#1 សុខមុំមីខគោបាក់ទូក
ភោជនីយដ្ឋាននេះបានដំណើរការអស់រយៈពេលជាង 20 ឆ្នាំមកហើយ ហើយអាជីវកម្មនៅតែរឹងមាំដដែល។ ជាមួយនឹងជម្រើសជាច្រើនមុខ ភ្ញៀវពេញចិត្តជាខ្លាំងជាមួយនឹងរសជាតិ និងតម្លៃ។ ញ៉ាំហើយអត់ផឹកអីមិចកើត! ភោជនីយដ្ឋាននេះក៏ផ្តល់ជូនភេសជ្ជៈជាច្រើនប្រភេទដូចជាតែទឹកកក, កាហ្វេទឹកកក, កូកាកូឡា, ទឹកដោះគោ, ទឹកសណ្តែកជាដើម។ ពេលព្រឹកឡើងដាក់ស៊ុបគាវមួយចាន ហើយល្ងាចញ៉ាំគុយទាវខគោម៉េចដែរ?


ម៉ោងបើក៖ 6:30ព្រឹក - 8 យប់
ទីតាំង៖ #277B ផ្លួវ 161 (ជិតវិទ្យាល័យបាក់ទូក) | Googlemap
លេខទំនាក់ទំនង៖ 012 908 392
តម្លៃ: $ 2 - $ 3.5
#2 ផ្ទះគាវ
ក្នុងពេលតែមួយ ចិត្តមួយមិនចង់ចាយច្រើន តែចិត្តមួយទៀតឃ្លានគាវ! FoodBuzz សូមណែនាំឲ្យទៅផ្ទះគាវ ដឹងតែមិនខកបំណងឡើយ។ នៅនេះមានគាវចៀន, ចំហុយ និងស៊ុប ហើយអ្នកញ៉ាំអាចជ្រើសយកស្នូលតាមការចូលចិត្តដូចជាស្ពៃក្តោប, ផ្សិតខ្មៅ, ស្លឹកគូឆាយ, សាច់ជ្រូក និងបង្គាជាដើម។ តម្លៃសមរម្យ ច្រើន ហើយឆ្ងាញ់ទៀត!

ម៉ោងបើក៖ 10:30 ព្រឹក - 8 យប់
ទីតាំង៖ #62BE0 ផ្លូវ 221 សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ | Googlemap https://goo.gl/maps/zzgXNggTpHZnLuGQ9
លេខទំនាក់ទំនង៖ 069 898 999
តម្លៃ៖ $2.5 - $3.5
#3 បាញ់ស្រុងក្បែរ IFL
ភោជនីយដ្ឋាននេះបានបើកអាជីវកម្មតាំងពីឆ្នាំ 1993 ដូច្នេះពួកគេបានទទួលកិត្តិនាមល្បីល្បាញអស់រយៈពេលជាច្រើនឆ្នាំហើយមានប្រជាប្រិយភាពខ្លាំងណាស់ ជាពិសេសគឺក្នុងចំណោមសិស្ស IFL ដែលតែងតែមកញ៉ាំនៅម៉ោងសម្រាក មុន ឬក្រោយសិក្សា។ ក្រៅពីបាយព្រឹក នៅនេះក៏មានលក់បាញ់ស៊ុង, បាញ់ហ៊យ និងគុយទាវកាត់។ បើនិយាយទៅ គឺអាចទទួលយកបានទាំងរសជាតិ, សេវាកម្ម និងតម្លៃ!

ម៉ោងបើក៖ 8 ព្រឹក - 11 ព្រឹក, 1 រសៀល - 5 ល្ងាច។
ទីតាំង៖ ផ្លូវ 122 កែងនឹងផ្លូវ 261 សង្កាត់ទឹកល្អក់ទី 1 ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap
លេខទំនាក់ទំនង៖ 085 836 679
តម្លៃ៖ $1.25 - $2.5
#4 ផ្ទះលតឆា នំគូឆាយសាខាដេអិន
នៅនេះជាអាជីវកម្មលក្ខណៈគ្រួសារមានមីឆា នំគូឆាយ នំគ្រក់ និងបង្អែមខ្មែរផ្សេងទៀត។ គ្រឿងផ្សំធ្វើបង្អែមមីល្ពៅ បាញ់ឌុក លតស្វិតរបស់ហាងនេះភាគច្រើនសុទ្ធតែធ្វើដោយផ្ទាល់ដៃទាំងអស់។ មួយចានៗគឺល្មមសម្រាប់ញ៉ាំម្នាក់ឯង ហើយក៏អាចដាក់សាច់ ប៉ាតេ ឬស៊ុតបន្ថែមបានដែរ។


ម៉ោងបើក៖ 12 ព្រឹក - 9 យប់
ទីតាំង៖ ផ្លូវ 112 សង្កាត់ផ្សារដេប៉ូទី 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ | Googlemap
លេខទំនាក់ទំនង៖ 096 834 9472
ជួរតម្លៃ៖ $0.4 - $1.25
#5 យាយសក់សសាច់គោអាំង
ភោជនីយដ្ឋានចាប់ផ្តើមលក់តាំងពីឆ្នាំ 1984 ហើយក៏បានចូលក្នុងវីដេអូរបស់ Youtuber ដ៏ល្បីល្បាញម្នាក់ឈ្មោះ Mark Abroad ផងដែរ។ អ្នកមកញ៉ាំទាំងចាស់ទាំងថ្មីតែងតែមានការសរសើរចំពោះរសជាតិឆ្ងាញ់នៃសាច់អាំង និងគ្រឿងក្នុងដូចជា បេះដូង និងថ្លើមជាដើម។ ភ្ញៀវមកម្តងៗ គឺហៅថែមទាំងចង្កាក់ៗ ព្រោះទប់ចិត្តមិនបាន បើសាច់អាំងរសជាតិឆ្ងាញ់ ហើយដាក់ក្នុងនំបុ័ងលាបប័រតិចៗថែមទៀតទៅ អស់ស្ទះតែម្ដង!


ម៉ោងបើក៖ 6 ព្រឹក - 7 យប់
ទីតាំង៖ បាស្ទ័រ (ផ្លូវ 51) សង្កាត់ផ្សារថ្មីទី 3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap
លេខទំនាក់ទំនង៖ 016 353 030, 011 353 030, 012 568 623
តម្លៃ៖ $0.5 ឡើងទៅ
#6 នំបញ្ចុកដុះផ្សិត - មីគុយទាវខ្មែរ
ត្រឹមរយៈពេលប៉ុន្មានឆ្នាំប៉ុណ្ណោះ ហាងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវក្នុងស្រុក។ នំបញ្ចុកដុះផ្សិត - មីគុយទាវខ្មែរផ្តល់ជូនអាហារខ្មែរបែបសាមញ្ញៗមានដូចជាមី គុយទាវ និងមីស៊ុប រួមទាំងត្រី បង្គា និងប្រហិតជាដើម។

ម៉ោងបើក៖ 8 ព្រឹក - 9 យប់
ទីតាំង៖ #15 ផ្លូវ 200 សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap
លេខទំនាក់ទំនង៖ 011 901 152, 015 901 152
#7 Cupbop
ទោះបីជាថវិការមានកំណត់ក៏អាចញ៉ាំម្ហូបកូរ៉េបានដែរជាមួយ Cupbop។ កុំបារម្ភទៀតអីព្រោះ Cupbop ផ្តល់ជូនជម្រើសឆ្ងាញ់ៗជាច្រើនជាមួយនឹងតំលៃសមរម្យហើយច្រើនទៀត។



ម៉ោងបើក៖ 8 ព្រឹក - 8 យប់
លេខទំនាក់ទំនង៖ 012 947 054
ទីតាំង៖ មាននៅគ្រប់សាខា
#8 មីហឹរ Seoul មីហឹរ ៧ យ៉ាង
បើនិយាយពីកន្លែងដែលពេញនិយមក្នុងតម្លៃសមរម្យ ហើយឆ្ងាញ់ និងច្រើន ត្រូវតែមានវត្តមាន មីហឹរ Seoul មីហឹរ 7 យ៉ាង។ ដោយគ្រាន់តែចំណាយត្រឹមតែ $2.5 អ្នកអាចទទួលបានមីហឹរមួយចានធំជាមួយនឹងផ្សិតម្ជុល, ស្ពៃក្តោបក្រហម ផ្កាខាត់ណាបៃតង និងប្រហិត/ឆ្អឹងជំនី។ ក្រៅពីនេះក៏មានម៉ឺនុយផ្សេងទៀតដូចជា kimbap, takokayi និងភេសជ្ជៈជាច្រើមមុខទៀត!



ម៉ោងបើក៖ 7 ព្រឹក - 10 យប់
ទីតាំង៖ គ្រប់សាខាទាំងអស់
តម្លៃ៖ $2.5 - $5
#9 អាហារតាមរទេះ
ថ្វីត្បិតតែនេះមិនមែនជាភោជនីយដ្ឋានដែលមានកន្លែងឲ្យអ្នកអង្កុយពិសាអាហារបានស្រួល តែអាហារតាមរទេះធានាថាតម្លៃសមរម្យខ្លាំង និងច្រើនទៀតផង។ មិនពិបាករកឡើយ អាហារតាមរទេះភាគច្រើនស្ថិតម្ដុំផ្សារ សាលា និងកន្លែងធ្វើការ ឬក៏ឈរចាំមុខផ្ទះក៏បាន មានគេរុញ ឬជិះមួយគគោក។

តម្លៃ៖ ចាប់ពី $1 ឡើងទៅ