ចង់រៀនធ្វើម្ហូបខ្មែរតាមវីដេអូលើបណ្ដាញសង្គម គួរតែទៅមើលនៅទីណា?

ទោះបីចង់ ឬ មិនចង់ ចូលចិត្ត ឬមិនចូលចិត្ត ពេលខ្លះ ក៏ត្រូវតែធ្វើម្ហូបញ៉ាំខ្លួនឯងខ្លះដែរ ជាពិសេសក្នុងអំឡុងពេលត្រូវធ្វើចត្តឡីស័ក (Social distancing) នេះ។ អញ្ចឹងដើម្បីរៀនចេះធ្វើម្ហូបថ្មីៗ និងធ្វើឲ្យបានឆ្ងាញ់នោះ អ្នកអាចចំណាយពេលខ្លះសិក្សាតាមវីដេអូនៅក្នុងបណ្តាញសង្គម ដែលគ្រប់គ្នាអាចរៀនបានដោយមិនគិតថ្លៃ លក្ខណៈថាមើលបណ្តើរ ធ្វើតាមបណ្តើរភ្លាមៗតែម្តង!!! 

Image: Remote Lands

#1 Kitchen Story 

ជាមួយនឹងវីដេអូដែលមានគុណភាពខ្ពស់ និយាយជាភាសាខ្មែរ ដោយមានដាក់នូវការបកប្រែជាភាសាអង់គ្លេស (English Subtitles) នៅខាងក្រោម លោកអ្នកអាចសិក្សាអំពីរបៀបចម្អិននៃម្ហូបជាច្រើនមុខ ដែលភាគច្រើនជាម្ហូបខ្មែរពេញនិយម និងត្រូវបានរៀបចំជា Playlists ទៅតាមប្រភេទម្ហូប។ ក្នុងនោះ ក៏មានម្ហូបបរទេសខ្លះៗផងដែរ។ 

ទោះបីជារាងអាថ៌កំបាំងបន្តិចដោយការមិនបង្ហាញមុខនៃម្ចាស់វីដេអូក៏ដោយ តែលោកអ្នកពិតជាអាចរៀនឆាប់ចេះ ជាមួយនឹងគុណភាពវីដេអូច្បាស់ ក៏ដូចជាការបង្ហាញយ៉ាងងាយយល់ និងសម្លេងពន្យល់បន្ថែម ហើយវីដេអូក៏ខ្លីៗផងដែរ។ 

#2 Cooking with Momma Heng

ជួបជាមួយនឹងអ៊ំស្រីជំនាញធ្វើម្ហូបមួយរូប នៅក្នុងវីដេអូរបស់គាត់ ដែលមានបង្ហាញយ៉ាងក្បោះក្បាយអំពីគ្រឿងផ្សំដែលត្រូវការ និងវិធីនៃការចម្អិនមុខម្ហូបនីមួយៗ។

គួរបញ្ជាក់ផងដែរថា សម្រាប់វីដេអូខ្លះ អ៊ំស្រីបានបង្ហាញជាភាសាខ្មែរ និងមួយចំនួនទៀតជាភាសាអង់គ្លេស។ 

#3 មេផ្ទះ Housewife

ជាមួយនឹងការបង្ហាញនូវរបៀបរៀបចំ ក៏ដូចជាវិធីចម្អិនម្ហូបខ្មែរជាច្រើនមុខ រួមទាំងភេសជ្ជៈពិសេសៗ និងបង្អែមផងនោះ វីដេអូរបស់គាត់សុទ្ធតែជាមេរៀននៃវិជ្ជាធ្វើម្ហូបយ៉ាងល្អ ដែលលោកអ្នកអាចរៀនធ្វើតាមបានយ៉ាងងាយស្រួល។

មិនថាជាម្ហូបសាមញ្ញ ឬ ម្ហូបពិសេសដែលត្រូវការគ្រឿងផ្សំច្រើននោះទេ បងស្រីជាម្ចាស់វីដេអូបានបង្ហាញច្រើនមែនទែននៅក្នុងឆានែលរបស់គាត់នេះ។ 

#4 Cooking with Nisa

វីដេអូរបស់គាត់ក៏មានមិនតិចដែរ ហើយមុខម្ហូបភាគច្រើនរាងប្លែកៗពីគេ ដែលមានទាំងម្ហូបខ្មែរ និងម្ហូបអាស៊ី ហើយក៏មានភេសជ្ជៈពេញនិយម នំ និងបង្អែមទៀតផង។  

#5 Recipe by Samnang

បងស្រីក៏មានបង្ហាញនូវវិធីធ្វើម្ហូបច្រើនមុខផងដែរ ជាមួយនឹងការនិយាយមួយៗ ច្បាស់ៗ បង្ហាញបន្ថែមពីសកម្មភាពនៅលើវីដេអូ ដែលក្នុងនោះ ពិតជាមានច្រើនប្រភេទច្រើនមុខ ទាំងអាហារគោលៗញ៉ាំជាមួយនឹងបាយ និងអាហារសម្រន់ញ៉ាំលេងៗ។ 

 

Food Review