BIOLAB Coffee & Office
- #0418 ផ្លូវវត្តបូព៌ ភូមិត្តវបូព៌ ក្រុងសៀមរាប
- 087 616 816
បច្ចុប្បន្ននេះហាងកាហ្វេនៅក្នុងក្រុងសៀមរាបកំពុងតែរីកដុះដាលជាច្រើនសឹងតែរាប់មិនអស់ ប៉ុន្តែមានកន្លែងមិនច្រើនទេដែលយើងអាចចំណាយពេលសិក្សា ក៏ដូចជាធ្វើការ ដោយស្រណុកចិត្តបាន។
កុំព្រួយអី! ថ្ងៃនេះ FoodBuzz សូមធ្វើការណែនាំហាងកាហ្វេមួយកន្លែងនៅសៀមរាប ដែលសូមធានាថាអ្នកដែលចង់រកកន្លែងធ្វើកិច្ចការសាលា ឬធ្វើកាងារផ្សេងៗ ពេញចិត្តមួយរយភាគរយតែម្តង នោះគឺហាង BIOLAB Coffee and Office ។ ក្នុងនោះដែរការរចនា ក៏ដូចជាការតុបតែងរបស់ហាងកាហ្វេមួយនេះ ពិតជាប្លែកភ្នែកប្លែកអារម្មណ៍ណាស់ មើលទៅដូចជាមន្ទីពិសោធន៍មួយអ៊ីចឹង។
នៅពេលដែលឈានជើងចូលខាងក្នុងហាង BIOLAB Coffee and Office តាមច្រកមុខ ឬច្រកចំហៀង អ្នកនឹងឃើញមានទូកាហ្វេពណ៌សមួយដ៏ប្លែកដែលត្រូវបានរចនាឡើងក្នុងទម្រង់ជាកែវពិសោធន៍។ ម៉្យាងវិញទៀត បើក្រឡេកទៅមើលលើជញ្ជាំងក្បែរនោះវិញ ឃើញថាមានបញ្ជីរាយឈ្មោះភេសជ្ជៈ តាមលំនាំតារាងខួបធាតុគីមី ពិតជាប្លែកមែនទែន។
BIOLAB Coffee and Office មានកន្លែងអង្គុយធំទូលាយ ដែលអ្នកទាំងអស់គ្នាអាចជ្រើសរើស អង្គុយនៅជាន់ក្រោមក៏បាន ជាន់លើក៏បាន។ ម៉្យាងវិញទៀតសម្រាប់អ្នកដែលចូលចិត្ត បរិយាកាសខាងក្រៅក៏អាចជ្រើសរើសកន្លែងអង្គុយនៅក្នុងសួនច្បារដ៏ស្រស់ស្អាត អមដោយធម្មជាតិខៀវខ្ចីនៅជាន់ក្រោមផ្នែកខាងក្រោយបានផងដែរ។
លើសពីនេះទៅទៀត កែវ និងចានសម្រាប់ដាក់ភេសជ្ជៈ និងម្ហូបរបស់ BIOLAB Coffee and Office មើលទៅគួរឲ្យចាប់អារម្មណ៍ណាស់។ រីឯកែវដាក់ស្ករស ទឹកស្ករ ឬទឹកក្រូចឆ្មារ សម្រាប់ដាក់ថែមនិងលាយទៅក្នុងកែវភេសជ្ជៈនោះ ក៏មានលក្ខណៈដូចទៅនឹង កែវពិសោធន៍ផងដែរ។
កុំភ្លេចណា BIOLAB Coffee and Office មានបម្រើទាំងអាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ស័ក្តិសមទាំងសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។ ហើយសម្រាប់ឈុតអាហារពេលព្រឹក ដ៏សាមញ្ញតែឆ្ងាញ់ពិសាមួយដែលក្រុមការងារបានភ្លក្សនោះគឺ នំប៉័ងប៉ាតេ និងតែក្រូចឆ្មារត្រជាក់ៗ។ នំប៉័ងស្រួយៗលាយជាមួយនឹងសាច់ប៉ាតេចំណិតស្តើងល្មម អមដោយជ្រក់ល្ហុង ថែមម្ទេសបន្តិច ឆ្ងាញ់កប់សារី។ ចំណែកអ្នកដែលចូលចិត្តញ៉ាំកាហ្វេវិញ សូមធានាថានឹងជាប់ចិត្តជាមួយរសជាតិកាហ្វេរបស់ BIOLAB Coffee and Office ដកចិត្តមិនរួចតែម្តង។
លើសពីនេះ BIOLAB Coffee and Office ក៏មានជាការិយាល័យ ឬបន្ទប់ប្រជុំខ្នាតតូច សម្រាប់ជួលផងដែរ។ ហើយសម្រាប់ព័ត៌មានលំអិត អ្នកទាំងអស់គ្នាអាចចូលទៅកាន់ Facebook Page របស់ហាងផ្ទាល់បានដែលមានឈ្មោះថា BIOLAB Coffee and Office ៕
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.