បាយស្រូបពងមាន់ចៀន
- corner of St. 134 & St. 225 (somewhere behind the Institute of Economics and Finance)
កាលនៅរៀនឲ្យតែឮកណ្ដឹងរោទ៍មិនទាន់ទេ រត់សំដៅទៅកន្លែងលក់បាយស្រូបដូចខ្លាចទិញមិនទាន់ ពេលខ្លះរកកន្លែងអង្គុយសឹងតែមិនចង់បានទៀត។ គិតរឿងបាយស្រូប តើមានបងប្អូនណាចង់ទៅញ៉ាំបាយស្រូបទៀតអត់?
ដូចតែបងប្អូនដែរ ក្រុមការងារ Streetbuzz សុខៗនឹកឃើញបាយស្រូបកាលនៅរៀន ណាមួយចេះតែឮមាត់និសិត្ស អ្នកធ្វើការ ឬអ្នករស់នៅទីនោះអី តែងតែនិយាយពីបាយស្រូបនៅម្ដុំវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដែលភាគច្រើនគេហៅ បាយស្រូបពងមាន់ចៀន ឬ ម៉ូយគាត់តែងតែហៅថា បាយឆ្មា។
កន្លែងគាត់បានបើកលក់អស់រយៈពេលជាង ៣០ ឆ្នាំហើយតាំងពីជំនាន់ម៉ាក់គាត់លក់ម្ល៉េះ តែកាលនោះម៉ាក់របស់គាត់លក់នៅក្រោយរបងវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ(IEF) ផ្ទាល់តែម្ដង។ ប៉ុន្មានឆ្នាំក្រោយនេះ បងស្រីជាកូនបានប្ដូរទីតាំងមកបើកលក់នៅផ្ទះវិញ តែមិនឆ្ងាយពីកន្លែងចាស់ប៉ុន្មានឡើយ។ មិនថាកន្លែងថ្មីឬចាស់អីទេ រសជាតិ រូបមន្ដ និងពិធីធ្វើគឺនៅដដែល មិនឲ្យខុសទឹកដៃម៉ាក់របស់គាត់ឡើយ។ ហើយម៉ូយចាស់ៗ ឬសិស្សណាដែលធ្លាប់ចូលញ៉ាំកន្លែងគាត់មុន ក៏គេតែងតែមកញ៉ាំនៅកន្លែងផ្លាស់ថ្មីដែរ។
អ្វីដែលធ្វើបាយរបស់គាត់នៅតែជាប់ចិត្តមនុស្សគ្រប់វ័យ ជាពិសេសសិស្សនោះ គឺដោយសារបាយរបស់គាត់រសជាតិដូចទៅនឹងបាយកាលពីរៀននៅបឋម ដែលធ្វើឲ្យគ្រប់គ្នានឹករលឹកដល់កាលវ័យកុមាររាល់ពេលដែលញ៉ាំបាយនៅទីនេះ។ តែអ្វីដែលប្លែកនោះ គឺពងមាន់ឆ្អិន ដែលពួកយើងស្គាល់ថាជា ពងក្រឡុក នោះ ឬ ពងឆ្អិន (ពងជ័រព្នៅ) ដាក់ពីលើបាយទាំងមូលតែម្ដង ធ្វើឲ្យបាយនេះ មិនចំជាបាយបឋម ហើយក៏មិនចំជាបាយស្រូបដែលងាយរកតាមកន្លែងផ្សេងដែរ។
សាច់ប្រឡាក់គាត់ឆ្ងាញ់ប្លែក ព្រោះគាត់យកសាច់ជ្រូកស្រស់ៗមកធ្វើ។ ក្រោយពីប្រឡាក់សាច់ចូលជាតិហើយ គាត់យកវាមកចៀន រួចហាន់ជាដុំតូចម៉ត់ៗទុកដាក់ជាមួយបាយ លើសពីនេះទៀតគាត់មានជ្រក់ ទឹកត្រី ទឹកខ្លាញ់អីហ្នឹងគឺសុទ្ធតែធ្វើខ្លួនឯងទាំងអស់ សូម្បីតែម្ទេសឆារបស់គាត់ ធ្វើថ្មីរាល់ថ្ងៃ ដោយសារតែចូលចិត្តញ៉ាំម្ទេសឆាគាត់ច្រើន ចឹងភាគច្រើនអត់ដែលសល់នោះទេ។
ថែមលើហ្នីងទៀត បើបងប្អូនណាគាត់ហូបរៀងច្រើនអីទាល់តែត្រូវថែមបាយហើយ ចឹងបានអ្នកខ្លះហៅកន្លែងនោះថា បាយឆ្មា។
ចាំតិច! Streetbuzz រវល់តែរៀបរាប់ ហើយស្រមៃ ភ្លេចប្រាប់បងប្អូនពីព័ត៌មានលំអិតរបស់ ហាងបាយពងចៀន។
ពេល៖ ៦ៈ០០ ដល់ ១២ៈ០០
ទីតាំង៖ បាយស្រូបពងមាន់ចៀន
ផ្លូវ ១៣៤ សង្កាត់ ផ្សារដេប៉ូ២ ខណ្ឌ ទួលគក (ម្ដុំវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ)
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.